(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសក្វាដ (Quad) ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃអង្គារនេះថា វិបត្តិនៅអ៊ុយក្រែនជា បញ្ហាសកលមិនមែនជា បញ្ហាតំបន់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

លោក បៃដិន បាននិយាយថា «នេះលើសពីបញ្ហានៅតំបន់អឺរ៉ុបទៅទៀត។ វាជាបញ្ហាសកល។ លោក បៃដិន បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងប្ដេជ្ញាឈរជាមួយ «ដៃគូ» របស់ខ្លួន ដើម្បីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដោយលោកបានបន្ថែមថា «ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព»

គួរបញ្ជាក់ថា លោក បៃដិន កំពុងជួបជាមួយមេដឹកនាំផ្សេងទៀតនៃក្រុមប្រទេស Quad ដូចជាជប៉ុន អូស្ត្រាលី និងឥណ្ឌា នៅទីក្រុងតូក្យូ ជាផ្នែកមួយនៃថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ចមកកាន់ តំបន់អាស៉ីជាលើកដំបូងរបស់លោក ចាប់តាំងពីលោក បានចូលកាន់តំណែង៕