(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថារុស្ស៉ីមិនច្បាស់ថាតើខ្លួនចាំបាច់ស្ដារទំនាក់ទំនង ឡើងវិញជាមួយបណ្ដាប្រទេសលោកខាងលិច ឬក៏យ៉ាងណានោះទេ ខណៈពេលនេះមូស្គូ កំពុងផ្ដោតសំខាន់លើការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក សឺហ្គៃ ឡារ៉ូវ ធ្វើឡើងនៅក្នុងកម្មវិធីសំណួរចម្លើយ នៅឯព្រឹត្តិការណ៍មួយរៀបចំឡើងក្នុងទីក្រុងមូស្គូ នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ដែរថាបណ្ដាប្រទេសលោកខាងលិចបានបំផុសគំនិតស្អប់រុស្ស៉ី ចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស តែលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន។

លោក ឡារ៉ូវ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ ពួកគេ (លោកខាងលិច) លើកឡើងនូវសំណើណាមួយដើម្បីស្ដារទំនាក់ទំនងឡើងវិញ នោះយើងនឹង ពិចារណាថាតើយើងចាំបាច់ត្រូវទទួល ឬក៏មិនទទួលយក ហើយគោលបំណងរបស់រុស្ស៉ីនាពេលបច្ចុប្បន្ន នោះគឺអភិវឌ្ឍទំនាក់ទំនងជាមួយចិន»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងលោកខាងលិច បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ហើយក្រៅតែពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ភាគីទាំង២ ក៏បានធ្វើយុទ្ធនាការបណ្ដេញមន្ត្រីទូត សងសឹកដាក់គ្នាទៅវិញទៅមកផងដែរ៕