(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) នៅថ្ងៃចន្ទនេះបានឆ្លើយតបវិញថា ប្រទេសចិនឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹង ឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការប្រើកម្លាំងយោធា ដើម្បីការពារកោះតៃវ៉ាន់ ប្រសិនបើចាំបាច់ ដូចដែលបានសន្យាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

លោក Wang បាន និយាយនៅក្នុងសន្និសីទព័ត៌មានជាប្រចាំថា៖ «ប្រទេសចិនបង្ហាញ ការមិនពេញចិត្តយ៉ាងខ្លាំងរបស់ខ្លួន និងការតវ៉ាខ្លាំងបំផុតជាមួយសហរដ្ឋអាមេរិក ជុំវិញការលើកឡើងរបស់លោក បៃដិន ខណៈតៃវ៉ាន់គឺជាផ្នែកមួយរបស់ ប្រទេសចិន»

គួរបញ្ជាក់ថា លោក បៃដិន នៅថ្ងៃចន្ទនេះ បានលើកឡើងថា លោកសុខចិត្តប្រើកម្លាំងទ័ព ដើម្បីការពារកោះតៃវ៉ាន់ ខណៈដែលសហរដ្ឋអាមេរិក នឹងឈរលើគោលការណ៍ស្របជាមួយប្រទេសដទៃ ដើម្បីឱ្យប្រាកដថាចិនមិនអាចប្រើកម្លាំងទ័ព នៅកោះតៃវ៉ាន់បាន៕