(ម៉ានីល)៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃចន្ទនេះថា លោកបានពិភាក្សាអំពីកិច្ចព្រមព្រៀងយោធារួម ជាមួយបេសកជន របស់សហរដ្ឋអាមេរិក ដែលជាដៃគូ បន្ទាប់ពីជំនួបប្រជុំជាមួយមន្រ្តីទូតជាន់ខ្ពស់នៃប្រទេសចំនួន៤។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសជួបជាមួយបេសកជនអាមេរិក លោក ម៉ាកូស បានលើកឡើងពី កិច្ចព្រមព្រៀងផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់កងកម្លាំងនៃប្រទេសទាំងពីរ ហៅកាត់ថា VFA និងការកំណត់និយមន័យវាឡើងវិញ ចំពោះមុខស្ថានការណ៍ប្រែប្រួលក្នុងតំបន់ រួមទាំងការផ្តល់មូលនិធិសម្រាប់ ការកាត់បន្ថយបញ្ហានៃការប្រែប្រួលអាកាសធាតុ។

លោក ម៉ាកូស បានប្រាប់សន្និសីទសារព័ត៌មាននៅក្រោយជំនួប នោះថា «យើងនឹងស្វាគមន៍ សម្រាប់ការជួយដល់សេដ្ឋកិច្ចរបស់យើង ពីសំណាក់សហរដ្ឋអាមេរិក ដោយការធ្វើពាណិជកម្ម តែមិនមែនក្នុងលក្ខខណ្ឌផ្តល់ជំនួយនោះទេ»។ លោកបន្ថែមថា «ពិតណាស់, បញ្ហាសន្តិសុខ តែងតែជាផ្នែកមួយដ៏ធំ នៃទំនាក់ទំនងរបស់យើងជាមួយសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា បើតាមការរំពឹងរបស់ក្រុមអ្នកវិភាគ លោក ម៉ាកូស អាចនឹងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដែលអាចធ្វើឲ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីតោន ក៏ដូចជាជាមួយយោធាហ្វីលីពីនផ្ទាល់ ហើយនិងសាធារណជនហ្វីលីពីន ដែលគាំទ្រអាមេរិក។ កាលពីសប្តាហ៍មុន លោកបានបញ្ជាក់ពីជំហររបស់ហ្វីលីពីនជាមួយ ប្រធានាធិបតីចិន ស៊ី ជិនពីង ថា នឹងផ្លាស់ប្តូរទៅរកភាពកាន់តែប្រសើរជាមុន៕