(កូឡុំបូ)៖ ក្រុមវេជ្ជបណ្ឌិតស្រីលង្កា បាននិយាយថា បញ្ហាខ្វះខាតឱសថ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេសស្រីលង្កា អាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិតក្នុងពេលឆាប់ៗនេះ ដោយសារមន្ទីរពេទ្យត្រូវបានបង្ខំ ឱ្យពន្យារពេលនីតិវិធីសង្គ្រោះជីវិតអ្នកជំងឺរបស់ពួកគេ ព្រោះមិនមានឱសថចាំបាច់គ្រប់គ្រាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

ប្រទេសស្រីលង្កា បាននាំចូលច្រើនជាង ៨០% នៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តរបស់ខ្លួន ប៉ុន្តែជាមួយនឹងការខ្វះខាត រូបិយប័ណ្ណបរទេស ដោយសារតែវិបត្តិ, ឱសថសំខាន់ៗក៏ប្រើអស់ ហើយប្រព័ន្ធថែទាំសុខភាពក៏ជិតដួលរលំផងដែរ។ នៅមន្ទីរពេទ្យមហារីក អាប៉េកសា (Apeksha) ដែលមានគ្រែពេទ្យចំនួន ៩៥០គ្រែ និងស្ថិតនៅជាយរដ្ឋធានីកូឡ៉ំបូ អ្នកជំងឺ និងគ្រូពេទ្យមានអារម្មណ៍អស់សង្ឃឹមកាន់តែខ្លាំងឡើង នៅពេលប្រឈមមុខនឹងការខ្វះខាត ដែលបង្ខំឱ្យមានការផ្អាកធ្វើតេស្ត និងការពន្យារពេលនីតិវិធីសង្គ្រោះជីវិត រួមទាំងការវះកាត់ធ្ងន់ធ្ងរជាដើម។

លោកវេជ្ជបណ្ឌិត រ៉ូស្សាន អាម៉ារ៉ាទូនហ្កា (Roshan Amaratunga) បាននិយាយថា «វាពិតជាអាក្រក់ណាស់សម្រាប់អ្នកជំងឺមហារីក។ ជួនកាល នៅពេលព្រឹក យើងមានគម្រោងសម្រាប់ការវះកាត់មួយចំនួន ប៉ុន្តែយើងមិនអាចធ្វើនៅថ្ងៃជាក់លាក់នោះបានទេ... ដោយសារការផ្គត់ផ្គង់មិនមាននៅទីនោះ»។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ប្រសិនបើ ស្ថានការណ៍ មិនអាចប្រសើរឡើងវិញទេ អ្នកជំងឺជាច្រើននាក់ អាចនឹងប្រឈមមុខ ចំពោះការស្លាប់។

មន្ត្រីរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធ ការទិញសម្ភារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត លោក សាម៉ាន់ រ៉ាថ្នាយ៉ាគេ (Saman Rathnayake) បាននិយាយថា ទំនិញប្រហែល១៨០មុខកំពុងអស់ហើយ រួមទាំងថ្នាំចាក់សម្រាប់អ្នកជំងឺលាងឈាម, ថ្នាំសម្រាប់អ្នកជំងឺ ដែលបានទទួលការប្តូរសរីរាង្គ និងអ្នកជំងឺមហារីកមួយចំនួនផងដែរ។ លោក Saman បានបន្ថែមថា ប្រទេសឥណ្ឌា ជប៉ុន និងម្ចាស់ជំនួយពហុភាគី កំពុងជួយផ្តល់ការផ្គត់ផ្គង់ ប៉ុន្តែវាអាចចំណាយពេលដល់ទៅ ៤ខែសម្រាប់ទំនិញមកដល់។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ដែលមានប្រជាជនជាង ២២លាននាក់ កំពុងជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក គិតចាប់តាំងពីការទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៤៨ ដោយប្រឈមមុខនឹង ការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃសម្ភារៈសំខាន់ៗ និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញនានា៕