(តូក្យូ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយនៅថ្ងៃចន្ទនេះថា លោកសុខចិត្តប្រើកម្លាំងទ័ព ដើម្បីការពារកោះតៃវ៉ាន់ ខណៈដែលសហរដ្ឋអាមេរិក នឹងឈរលើគោលការណ៍ស្របជាមួយប្រទេសដទៃ ដើម្បីឱ្យប្រាកដថាចិន មិនអាចប្រើកម្លាំងយោធានៅតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

ការលើកឡើងរបស់លោក បៃដិន ហាក់ប្រាសចាកពី គោលនយោបាយយុទ្ធសាស្រ្តបច្ចុប្បន្ន របស់សហរដ្ឋអាមេរិកស្តីពីតៃវ៉ាន់ ស្របពេលដែលដែនកោះនេះ ត្រូវចិនចាត់ទុកត្រឹមជា ខេត្តមួយប៉ុណ្ណោះរបស់ខ្លួន និងជាបញ្ហារសើបនិងសំខាន់ជាទីបំផុត នៅក្នុងទំនាក់ទំនងរវាង ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន។

កាលពីខែតុលា ឆ្នាំ២០២១ លោក បៃដិន ក៏បានធ្វើការលើកឡើងស្រដៀងគ្នាផងអំពី ការការពារកោះតៃវ៉ាន់។ នាពេលនោះ អ្នកនាំពាក្យសេតវិមាន បានចេញមុខបកស្រាយភ្លាមៗថា លោក បៃដិន មិនមែនប្រកាសពីការផ្លាស់ប្តូរណាមួយ ក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកឡើយ។

គួរបញ្ជាក់ថា លោក បៃដិន ធ្វើអត្ថាធិប្បាយដូចខាងលើ កំលុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ិដា នៅឯទីក្រុងតូក្យូ ខណៈដែលលោកត្រូវបាន ចោទសួរអំពីឆន្ទៈរបស់អាមេរិក ក្នុងការចូលរួមផ្នែកយោធា ដើម្បីកាពារកោះតៃវ៉ាន់៕