(ញូដេលី)៖ ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹង រលកកម្តៅដែលមិនធ្លាប់មានពីមុនមក ខណៈប្រជាជនកំពុងមានការព្រួយបារម្ភ អំពីដំណាំកសិកម្មរបស់ពួកគេ ដែលអាចនឹងរងផលប៉ះពាល់ពីសីតុណ្ហភាពក្តៅខ្លាំងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

លោក ម៉ូហាម៉េដ អ៊ីកា (Mohammad Ikrar) ដែលជាអ្នកប្រកបមុខរបរលក់ផ្លែឈើ នៅតាមដងផ្លូវក្នុងប្រទេសឥណ្ឌា បាននិយាយនៅថ្ងៃចន្ទនេះថា ខណៈដែលសីតុណ្ហភាពកើនឡើងខ្លាំង លោកមានការភ័យខ្លាចថានៅថ្ងៃណាមួយ ដំណាំផ្លែស្វាយ និងផ្លៃឪឡឹករាប់សិបដើម នឹងត្រូវបោះចោលបន្ថែមទៀត។

សីតុណ្ហភាពក្នុងតំបន់ខ្លះនៃទីក្រុងញូដេលី បានកើនឡើងលើសពី៤៩អង្សាសេ កាលពីសប្តាហ៍មុន ចាប់តាំងពីប្រទេសឥណ្ឌា បានកត់ត្រាពីរលកកម្តៅក្តៅបំផុត មិនធ្លាប់មានប្រចាំខែមីនា ក្នុងរយៈពេល១២២ឆ្នាំមកនេះ និងស្ថានភាពក្តៅខុសពីធម្មតាប្រចាំ ខែមេសា។ បើតាមរបាយការណ៍របស់ទីភ្នាក់ងារនិរន្តរភាពថាមពលសម្រាប់ទាំងអស់គ្នា (SE4ALL) ដែលគាំទ្រដោយ អង្គការសហប្រជាជាតិ, មនុស្សជិត៣២៣លាននាក់ នៅទូទាំងប្រទេស កំពុងស្ថិតក្រោមហានិភ័យខ្ពស់ពីស្ថានភាពក្តៅខ្លាំងធ្ងន់ធ្ងរ រួមជាមួយបញ្ហាខ្វះខាតមធ្យោបាយជួយផ្តល់ភាពត្រជាក់ ដូចជាកង្ហារ និងទូទឹកកកជាដើម។

គួរបញ្ជាក់ថា ឥណ្ឌាឈរលើតារាងកំពូល នៃរបាយការណ៍ប្រទេសដែលមានប្រជាជនច្រើនៗជាងគេ ហើយប្រឈមនឹងគ្រោះថ្នាក់ ដោយសាររលកកម្តៅ រួមមានចាប់តាំងពីការស្លាប់ ដោយសារតែអាកាសធាតុក្តៅខ្លាំងផ្ទាល់ រហូតដល់ការផលប៉ះពាល់លើ សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជន៕