(ម៉ារីយូប៉ូល)៖ ទាហានរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចាប់ផ្ដើមប្រតិបត្តិការបោសសម្អាតមីន និងកម្ទេចកម្ទីនៅឯតំបន់ឧស្សាហកម្ម នៃរោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) ក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនរាប់រយនាក់ដែលបានជាប់គាំង នៅក្នុងរោងចក្រដ៏ធំនេះអស់រយៈពេលជាច្រើនសប្តាហ៍ ត្រូវបានបញ្ជាឱ្យទម្លាក់អាវុធចុះចាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

ទាហានរុស្ស៉ីជាច្រើននាក់ បានដើរត្រួតពិនិត្យ ក្នុងបរិវេណរោងចក្រខាងលើ ហើយបានប្រើឧបករណ៍រាវរកមីន និងសម្អាតកម្ទេចកម្ទីនានា។ ទាហានរុស្ស៉ី ម្នាក់ឈ្មោះ បាបៃ (Babai) បាននិយាយថា «ភារកិច្ច គឺធំណាស់, សត្រូវបានដាក់ពង្រាយគ្រាប់មីន ហើយយើងក៏បានពង្រាយមីនប្រឆាំងវិញផងដែរ ខណៈ ពេលយើងរារាំងពួកគេឱ្យជាប់គាំងនៅទីនោះ។ ដូច្នេះ យើងមានការងាររយៈពេល ២-៣សប្តាហ៍ទៅមុខទៀត។ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ គ្រឿងផ្ទុះជាង ១០០គ្រឿង ត្រូវបានបំផ្លាញ ហើយការងារយើងនៅតែបន្ត»

រុស្ស៉ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានប្រកាសថាក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចុងក្រោយដែលតស៊ូការពាររោងចក្រ Azovstal បានទម្លាក់អាវុធចុះចាញ់ ហើយ។ អ៊ុយក្រែន មិនបានបញ្ជាក់បន្ថែមនោះទេ ប៉ុន្តែ មេបញ្ជាការនៃអង្គភាពមួយក្នុងរោងចក្រ បាននិយាយក្នុងខ្សែវីដេអូថាទាហានអ៊ុយក្រែនត្រូវបាន បញ្ជាឱ្យទម្លាក់អាវុធចុះចាញ់។

គួរបញ្ជាក់ថា ការបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងទីក្រុង Mariupol ជាទីក្រុងដ៏ធំបំផុតដែលរុស្ស៉ីដណ្តើមបានចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ដែលនេះបានផ្តល់ឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នូវជ័យជម្នះដ៏កម្រមួយ បន្ទាប់ពីមានការបរាជ័យជាបន្តបន្ទាប់ ក្នុងរយៈពេលជិត ៣ខែនៃការប្រយុទ្ធ៕