(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ១៩,៩៧៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២២នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៥,០០៤,៤៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០២៨,៩២៤នាក់ និងជាសះស្បើយឡើងវិញសរុប ៨១.៦៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៨៤លានដូស ក្នុងនោះប្រជាជន ២៥៨.១០លាននាក់ (៧៨.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២២០.៨៧លាននាក់ (៦៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ១០២.៦៩លាននាក់ (៣១.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕