(ស៊ីដនី)៖ មេដឹកនាំគណបក្ស Labor Party លោក អាន់តូនី អាល់បានីស (Anthony Albanese) បានស្បថចូលកាន់តំណែងជានាយរដ្ឋមន្ត្រីទី៣១ របស់ប្រទេសអូស្ត្រាលីជាផ្លូវការហើយ នៅថ្ងៃចន្ទនេះជាមួយការសន្យានាំមកនូវការផ្លាស់ប្ដូរ, ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ, បញ្ហាទំនិញ ឡើងថ្លៃ និងអសមភាពជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

លោក អាន់តូនី អាល់បានីស បានស្បថចូលកាន់តំណែងភ្លាមៗ បន្ទាប់ពីគណបក្សរបស់លោកបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ដោយបានបិទបញ្ចប់រយៈពេលគ្រប់គ្រងអំណាចប្រមាណ៩ឆ្នាំជាប់គ្នា របស់សម្ព័ន្ធគណបក្ស Liberal-National Coalition ខណៈលើកចុងក្រោយបំផុត ដែលគណបក្ស Labor ឈ្នះបានសំឡេងភាគច្រើន គឺកាលពីឆ្នាំ២០០៧។

គួរបញ្ជាក់ថា ការរាប់ស្លឹកឆ្នោតនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ហើយគេក៏មិនទាន់ប្រាកដថាតើគណបក្សរបស់លោក អាល់បានីស អាចបង្កើត រដ្ឋាភិបាលសំឡេងភាគច្រើននៅក្នុងសភា បាន ឬក៏យ៉ាងណានោះទេ ខណៈគណបក្សរបស់លោកទទួលបាន ៧២អាសនៈ។ ដើម្បីអាចបង្កើត រដ្ឋាភិបាលសំឡេងភាគច្រើនបាន គណបក្ស Labor ត្រូវការអាសនៈចំនួន៧៦ ក្នុងចំណោមអាសនៈសរុបទាំង១៥១ នៅរដ្ឋសភា។

ដោយឡែក នៅក្រោយការស្បថចូលកាន់តំណែង លោក អាល់បានីស នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួម កិច្ចប្រជុំកំពូលនៃក្រុមប្រទេស ក្វាដ (Quad) ជាមួយមេដឹកនាំជប៉ុន អាមេរិក និងឥណ្ឌា នៅថ្ងៃអង្គារសប្ដាហ៍នេះ៕