(ឡុងដ៍)៖ មន្ត្រីសុខាភិបាលម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ (២២ ឧសភា) ថា ប្រទេសអង់គ្លេសកំពុងមើលឃើញការឆ្លងប្រចាំថ្ងៃ នៃជំងឺអុតស្វាដ៏កម្រ ដែលមិនមានទំនាក់ទំនងនឹងការធ្វើដំណើរណាមួយទៅកាន់អាហ្វ្រិកខាងលិច ដែលជាកន្លែងជំងឺនេះឆ្លងរាលដាលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។

ទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) បាននិយាយថា តួលេខថ្មីនឹងត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ បន្ទាប់ពីវាបានចុះបញ្ជីករណីចំនួន ២០ករណីកាលពីថ្ងៃសុក្រកន្លងទៅ។

នៅពេលសួរថា តើការឆ្លងសហគមន៍ឥឡូវនេះជាបទដ្ឋានក្នុងប្រទេសអង់គ្លេសឬយ៉ាងណា លោកស្រី Susan Hopkins ប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់ UKHSA បាននិយាយថា «វាពិតជាអញ្ចឹងមែន»។

លោកស្រីបានប្រាប់ទូរទស្សន៍ BBC ថា «យើងកំពុងរកករណីថ្មីជារៀងរាល់ថ្ងៃ ដែលករណីទាំងនោះមិនត្រូវបានស្គាល់អត្តសញ្ញាណមានទំនាក់ទំនងជាមួយបុគ្គល មកពីអាហ្វ្រិកខាងលិចពីមុនមកឡើយ»

គួរបញ្ជាក់ថា ជំងឺអុតស្វា ត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូង នៅលើសត្វស្វា។ ជំងឺនេះជាធម្មតាឆ្លងតាមរយៈ ការធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ ប៉ុន្តែកម្រឆ្លងរីករាលដាលនៅខាងក្រៅទ្វីបអាហ្រ្វិកណាស់ ដូច្នេះករណីឆ្លងថ្មីៗទាំងនេះ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភ។

ករណីឆ្លងដ៏កម្រនៃជំងឺអុតស្វា (Monkeypox) នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត នៅតាមបណ្ដាប្រទេសអឺរ៉ុបជាច្រើន ព្រមទាំងសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីផងដែរ៕