(ស៉ីដនី)៖ មេដឹកនាំគណបក្សការងារ Labor party របស់អូស្ត្រាលី គឺលោក អាន់តូនី អាល់បានីស (Anthony Albanese) បានប្រកាសពីជ័យជម្នះនៅក្នុង ការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានទទួលស្គាល់ថាសម្ព័ន្ធគណបក្ស អភិរក្សនិយម Liberal-National Coalition របស់លោក ទទួលបរាជ័យក្នុងការបោះឆ្នោតសកលនេះ។

ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្តធ្វើឡើងនៅឡើយ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC បានឱ្យដឹងថា គណបក្ស Labor ទទួលបានអាសនៈចំនួន៧២ ហើយ គណបក្សរបស់លោក Morrison ទទួលបានត្រឹម ៥២អាសនៈប៉ុណ្ណោះ។ ដើម្បីអាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនបាន គណបក្ស Labor ត្រូវការអាសនៈ ចំនួន៧៦ ក្នុងចំណោមអាសនៈសរុបទាំង១៥១ នៅរដ្ឋសភា។

ជ័យជម្នះរបស់គណបក្ស Labor បានបិទបញ្ចប់រយៈពេលគ្រប់គ្រងអំណាចប្រមាណ៩ឆ្នាំជាប់គ្នា របស់សម្ព័ន្ធគណបក្ស Liberal-National Coalition ហើយ លើកចុងក្រោយបំផុតដែលគណបក្ស Labor ឈ្នះបានសំឡេងភាគច្រើន គឺកាលពីឆ្នាំ២០០៧។ លោក អាល់បានីស ត្រូវបានគេរំពឹងថានឹងស្បថចូលកាន់តំណែងភ្លាមៗ ហើយលោកនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ក្នុងនាមជានាយករដ្ឋមន្ត្រីទី៣១ របស់អូស្ត្រាលី ជាមួយមេដឹកនាំនៃក្រុមប្រទេសក្វាដ (Quad) រួមមានជប៉ុន, ឥណ្ឌា និងសហរដ្ឋអាមេរិក។ តើលោក អាល់បានីស គឺជានរណា?

*អាជីពនយោបាយ

នៅក្នុងរយៈពេល ២៦ឆ្នាំ ចាប់តាំងពីលោក អាល់បានីស ជាប់ឆ្នោតដំបូងជាសមាជិកសភា, គណបក្សការងារ ឬ Labor Party បានដឹកនាំរដ្ឋាភិបាលអូស្ត្រាលី បានត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ នៅក្នុងអាណត្តិរបស់អតីតនាយករដ្ឋមន្ត្រី លោក ខេវីន រូដ (Kevin Rudd) និងអតីតនាយករដ្ឋមន្ត្រីលោកស្រី ជូលៀ ហ្ស៊ីឡាដ (Julia Gillard)។ លោក អាល់បានីស ជាមនុស្សតែម្នាក់គត់ក្នុងគ្រួសាររបស់លោក ដែលចូលរៀនសាកលវិទ្យាល័យ ជាទីដែលបានសិក្សាជំនាញសេដ្ឋកិច្ច និងចូលរួមក្នុងសកម្មភាពនយោបាយយ៉ាងសកម្ម ដោយនៅអាយុ ២២ឆ្នាំ លោក អាល់បានីស ជាប់ឆ្នោតជាប្រធានចលនា Young Labor ជាសាខាមួយ នៃគណបក្ស Labor។

លោក អាល់បានីស បានជាប់ឆ្នោតជារដ្ឋមន្ត្រីម្នាក់ បន្ទាប់ពីលោក ខេវីន រូដ ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអូស្ត្រាលី នៅក្នុងការបោះឆ្នោតសកលកាលពី ឆ្នាំ២០០៧ ហើយក្រោយមកលោកបានឡើងតំណែងជាបន្តបន្ទាប់នៅក្នុងគណបក្ស Labor រហូតដល់ក្លាយជាមេដឹកនាំបក្ស ក្រោយគណបក្ស Labor ទទួល បរាជ័យនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩។

*គោលនយោបាយរបស់លោក អាល់បានីស

គណបក្ស Labor បានសន្យាថានឹងផ្ដល់ជំនួយហិរញ្ញវត្ថុបន្ថែម ដើម្បីជួយដល់ប្រជាជនអូស្ត្រាលី ដោះស្រាយបញ្ហាអតិផរណា និងតម្លៃផ្ទះឡើងថ្លៃ ហើយ លោក អាល់បានីស ផ្ទាល់ធ្លាប់បានសន្យាថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឱ្យបាន ៤៣ភាគរយ នៅមុនឆ្នាំ២០៣០ ជាមួយការជំរុញប្រើប្រាស់ រថយន្ដអគ្គិសនី, ការប្រើប្រាស់កាកសំណល់ឡើងវិញ និងការទាញថាមពលពីព្រះអាទិត្យជាដើម។ ចំណែកឯ ពាក់ព័ន្ធនឹងនយោបាយការបរទេស, គណបក្ស Labor នឹងបន្តគាំទ្រសហរដ្ឋអាមេរិក ខណៈលោក អាល់បានីស ថាមូលដ្ឋានគ្រឹះចម្បងមួយនៃនយោបាយការបរទេសអូស្ត្រាលី នោះគឺសម្ព័ន្ធភាពជាមួយ សហរដ្ឋអាមេរិក។

លោក អាល់បានីស មានអាយុ ៥៩ឆ្នាំ ក៏ជាមនុស្សម្នាក់ដែលគាំទ្រសម្ព័ន្ធភាព AUKUS រវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយលោកក៏ជា អ្នកដែលរិះគន់លើរដ្ឋាបាលរបស់លោក ស្កុត ម៉ូរីសុន ជុំវិញការដោះស្រាយទំនាក់ទំនងជាមួយប្រទេសដែនកោះសូឡូម៉ុន ដែលទើបតែបានចុះ កិច្ចព្រមព្រៀងសន្តិសុខ ជាមួយចិនផងដែរ៕

ប្រភព៖ Al Jazeera (ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២)