(សេអ៊ូល)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយនៅថ្ងៃសៅរ៍នេះថា សម្ព័ន្ធភាពរយៈពេល៧០ឆ្នាំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានកសាងឡើង តាមរយៈការប្រឆាំងទៅនឹង ការផ្លាស់ប្តូរព្រំដែនដោយកម្លាំងទ័ព ខណៈដែលប្រទេសទាំងពីរប្តេជ្ញានឹងបន្តធ្វើការរួមគ្នា ដើម្បីរារាំងសកម្មភាពរបស់កូរ៉េខាងជើង និងរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឱ្យនៅសេរី និងបើកចំហ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់ លោក បៃដិន ធ្វើឡើងក្នុងជំនួបប្រជុំលើកដំបូង ជាមួយប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង គឺលោក យូន ស៊ុកយុល (Yoon Suk-yeol) កំលុងដំណើរទស្សនកិច្ចជាលើកដំបូង មកកាន់ប្រទេសអាស៉ីខាងកើតមួយនេះ ចាប់តាំងពីរូបលោក បានឡើងជាប្រធានាធិបតីអាមេរិក កាលពីដើមឆ្នាំ២០២១។ ក្នុងឱកាសនោះ លោក យូន ក៏បាននិយាយថា ការប្រែក្លាយខ្សែចង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្ម បានផ្តល់ហេតុផលបន្ថែមទៀត សម្រាប់ការអភិវឌ្ឍទំនាក់ទំនង សហរដ្ឋអាមេរិកនិង កូរ៉េខាងត្បូង។

ក្នុងជំនួបរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ គឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នា និងព្យាយាមទម្លាយភាពជាប់គាំងផ្នែកការទូតជាមួយកូរ៉េខាងជើង ចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើង អាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងអន្តរទ្វីបថ្មីទៀត។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយលោកនឹងបន្ត ដំណើរទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យស្អែក ជាទីដែលលោកត្រូវចូលរួមកិច្ចប្រជុំ Quad៕