(គីតូ)៖ អតីតអនុប្រធានាធិបតីអេក្វាទ័រ លោក ហ័រហ្គេ ហ្ក្លាស (Jorge Glas) ដែលបានជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំកន្លះ ក្នុងសំណុំរឿងស៉ីសំណូក មុនពេលទទួលបានការដោះលែងកាលពីខែមេសាកន្លងទៅ ត្រូវបានប៉ូលិសចាប់ខ្លួនសាជាថ្មី នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រោមបង្គាប់របស់តុលាការ ដែលតម្រូវឱ្យបញ្ជូនរូបលោក ចូលពន្ធនាគារវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

ក្នុងថ្ងៃដដែលនោះ មុនឈានដល់ការចាប់ខ្លួនលោក Glas តុលាការអេក្វាទ័រ បានប្រកាសទុកជាមោឃៈវិញនូវ ការសម្រេចចិត្ត ដែលបានដោះលែង រូបលោកឱ្យមានសេរីភាព កាលពីខែមេសា ហើយចេញសេចក្តីបង្គាប់ឱ្យ បញ្ជូនខ្លួនរូបលោកចូលពន្ធនាគារ សាជាថ្មី។

លោក Glas ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ កាលពីឆ្នាំ២០១៧ រយៈពេល៦ឆ្នាំ ក្រោយពីតុលាការបានរកឃើញថា លោកពិតជាមានទោសពី បទទទួលសំណូកពីក្រុមហ៊ុនសំណង់ប្រេស៉ីល អូដេប្រេជ (Odebrecht) ជាថ្នូរនឹងការផ្តល់កិច្ចសន្យារបស់រដ្ឋ ឱ្យទៅក្រុមហ៊ុននោះ។

រីឯនៅឆ្នាំ២០២០ លោក Glas ក៏ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំទៀត សម្រាប់ការប្រើប្រាស់លុយ ដែលទទួលបានពីក្រុមហ៊ុនម៉ៅការ ទៅផ្គត់ផ្គង់ដល់យុទ្ធនាការនៃចលនានយោបាយ របស់អតីតប្រធានាធិបតីអេក្វាទ័រ លោក រ៉ាហ្វាអែល ខ័ររៀ (Rafael Correa)។

គួរបញ្ជាក់ថា កាលពីខែមុន លោក Glas ត្រូវបានដោះលែង ក្រោយតុលាការនៅខេត្ត សាន់តា អេឡាណា (Santa Elena) បានគាំទ្រញត្តិមួយដែលលើកឡើងថា សុខុមាលភាពរបស់លោក ស្ថិតក្នុងហានិភ័យខ្ពស់។ យ៉ាងណាមិញ នៅថ្ងៃសុក្រសប្តាហ៍នេះ តុលាការជាន់ខ្ពស់នៅខេត្តដដែល បានប្រកាសទុកជាមោឃៈនូវ ការសម្រេចចិត្តនោះវិញ ក្រោយមានការតវ៉ាពីទីភ្នាក់ងារពន្ធនាគារ SNAI៕