(កៀវ)៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានឱ្យដឹងថា អ៊ុយក្រែនទទួលបានប្រាក់ជួយឧបត្ថម្ភចំនួន ៥៣០លានដុល្លារ ពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស តាមរយៈកញ្ចប់មូលនិធិមួយ ដែលធនាគារពិភពលោក បានរៀបចំឡើងសម្រាប់ការបរិច្ចាគ ដល់រដ្ឋាភិបាលទីក្រុងកៀវ ក្រោយការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានប្រាប់ថា សហរដ្ឋអាមេរិកបានផ្តល់ការបរិច្ចាគប្រហែល ៥០០លានដុល្លារ ហើយអង់គ្លេសបានបរិច្ចាគ ២៤លានផោន ដែលស្មើនឹងខ្ទង់៣០លានដុល្លារអាមេរិក តាមរយៈធនាគារពិភពលោក មកកាន់រដ្ឋាភិបាលទីក្រុងកៀវ ខណៈឥឡូវលុយទាំងនោះ បានចូលមកដល់កញ្ចប់ថវិកាជាតិរបស់អ៊ុយក្រែនហើយ។

បើតាមក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ថវិកាជំនួយខាងលើ នឹងត្រូវប្រើប្រាស់សម្រាប់ការចំណាយទៅលើ តម្រូវការសង្គម, មនុស្សធម៌ និងសុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រដល់ប្រជាជន ដែលភៀសខ្លួននៅក្នុងប្រទេស។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយបន្ថែមទំហំជិត ៤០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន បន្ទាប់ពីវាត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត ខណៈក្រុមប្រទេស G7 បានព្រមព្រៀងគ្នាផ្តល់ជំនួយជាង ១៨ពាន់លានដុល្លារ ដល់ទីក្រុងកៀវ៕