Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើងអះអាងថា ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ខណៈចំនួនអ្នកចេញរោគសញ្ញាគ្រុនក្តៅ កើនលើស២លាននាក់ (Video inside)

20-05-2022 13:25

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានអះអាងថាខ្លួនកំពុងសម្រេចបាននូវ «លទ្ធផលល្អ» ក្នុងការប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈដែលចំនួនអ្នកដែលចេញរោគសញ្ញាគ្រុនក្តៅ មានលើសពី២ លាននាក់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា «ទោះបីជាស្ថិតក្រោមស្ថានភាពបង្ការ ការរីករាលដាលជាអតិបរមាក៏ដោយ ដំណើរការផលិតកម្មក្នុងវិស័យឧស្សាហកម្មសំខាន់ៗ នៅតែបន្តទៅមុខដូចធម្មតា ហើយគម្រោងសាងសង់ខ្នាតធំ ក៏បន្តប្រព្រឹត្តទៅ ដោយគ្មានការអាក់ខានផងដែរ ខណៈដែលយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងបន្តអនុវត្ត ទទួលបានលទ្ធផលល្អ»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កូរ៉េខាងជើងមានអ្នកចេញរោគសញ្ញាគ្រុនក្តៅសរុបចំនួន ២.២៤លាននាក់ និងស្លាប់ចំនួន៦៥នាក់ ស្របពេលដែលទីភ្នាក់ងារសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ បានបង្ហាញក្តីបារម្ភចំពោះ បញ្ហាជីវភាពរបស់ប្រជាជនកូរ៉េខាងជើង និងហានិភ័យនៃការលេចឡើងនូវ មេរោគបម្លែងខ្លួនថ្មីៗទៀត ដោយសារតែការឆ្លងរាលដាល ក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩៕