(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា ពលរដ្ឋអាមេរិកម្នាក់ ព្រមទាំងមន្រ្តីស៉ើបការណ៍សម្ងាត់ជនជាតិចិនចំនួន ៤នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទធ្វើចារកម្មលើក្រុមអ្នករិះគន់ ក៏ដូចជាមេដឹកនាំសិទ្ធិមនុស្ស និងសកម្មជនគាំទ្រប្រជាធិបតេយ្យ ដែលជាជនជាតិចិនរស់នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

អាជ្ញាធរអាមេរិកបានចោទប្រកាន់ លោក វ៉ាង ស៊ូជុន (Wang Shujun) មានទីលំនៅនៅសង្កាត់ គ្វីន (Queens) នៃទីក្រុងញូយ៉ក ថា រូបលោកបានប្រើប្រាស់ឋានៈរបស់ខ្លួន នៅក្នុងសហគមន៍ជនជាតិចិន ដើម្បីប្រមូលព័ត៌មានអំពីក្រុមសកម្មជនចិន ក្រោមការបង្គាប់បញ្ជា ពីក្រសួងសន្តិសុខជាតិ (MSS) របស់ប្រទេសចិន។

លោក វ៉ាង វ័យ៧៣ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅ ហើយនឹងត្រូវនាំខ្លួនឡើងសវនាការ ក្នុងពេលខាងមុខ។ ចំណែក ជនជាតិចិន៤នាក់ទៀត ដែលជាភ្នាក់ងាររបស់ MSS គឺមិនទាន់ត្រូវឃាត់ខ្លួនបាននៅឡើយ។ អាជ្ញាធរអាមេរិកបានលើកឡើងថា ការចោទប្រកាន់ខាងលើ បានបកអាក្រាតនិងរារាំងប្រតិបត្តិការចារកម្មរបស់ចិន ដែលគំរាមកំហែងដល់សុវត្ថិភាពនិងសេរីភាព នៃជនជាតិចិន ដែលមករស់នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក ដោយសារតែជំនឿនិងទស្សនៈគាំទ្រលទ្ធិប្រជាធិបតេយ្យ របស់ពួកគេ។

គួរបញ្ជាក់ថា ឆ្លើយតបការចោទប្រកាន់ខាងលើ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន បានសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការចោទប្រកាន់ដែលធ្វើឡើងដោយអាមេរិកនេះ គឺជាការប្រឌិតសុទ្ធសាធ។ យើងទទូចឱ្យភាគីអាមេរិក រៀបចំការស៉ើបអង្កេត ដែលមានភាពយុត្តិធម៌និងត្រឹមត្រូវតាមច្បាប់ ហើយដោះស្រាយករណីពាក់ព័ន្ធទាំងឡាយឱ្យបានសមរម្យ និងការពារសិទ្ធិស្របច្បាប់របស់ជនជាតិចិនគ្រប់រូប ដែលជាប់ទាក់ទង»