(តូក្យូ)៖ ប៉ូលិសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា បុរសជនជាតិជប៉ុនម្នាក់ ដែលទទួលបានលុយជំនួយកូវីដ-១៩ ចំនួនដល់ទៅ ៣៦០,០០០ដុល្លារ ដោយការយល់ច្រឡំ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយពីបុរសនោះបានអះអាងថា ខ្លួនបានយកលុយដ៏ច្រើននេះ ទៅលេងល្បែងស៉ីសង តាមអនឡាញអស់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

រឿងហេតុខាងលើ ដែលកើតឡើងដំបូងដោយសារតែ ភាពធ្វេសប្រហែសរបស់អាជ្ញាធរនៅក្នុងក្រុង អាប៊ូ (Abu) នៃខេត្ត យ៉ាម៉ាហ្គូឈិ (Yamaguchi) បាននិងកំពុងទទួលរងការរិះគន់ជាខ្លាំងពីសំណាក់មហាជន នៅក្នុងប្រទេសជប៉ុន។ បុរសម្នាក់នោះ ដែលមានវ័យ២៤ឆ្នាំ ត្រូវបានផ្ទេរលុយចំនួន ៤៦.៣លានយេន ចូលទៅក្នុងគណនីរបស់ខ្លួន កាលពីខែមេសា ដោយសារតែកំហុសបច្ចេកទេសរបស់ក្រុមមន្រ្តី ដែលទទួលបន្ទុកចាត់ចែងថវិកា សម្រាប់ចែកជូនប្រជាជន ដែលមានប្រាក់ចំណូលទាប ចំពោះមុខការប៉ះពាល់ បង្កឡើងដោយវិបត្តិជំងឺ COVID-19។

គួរបញ្ជាក់ថា បន្ទាប់ពីមិនអាចប្រគល់លុយដ៏ច្រើន ឱ្យអាជ្ញាធរវិញបាន បុរសខាងលើក៏ត្រូវបានចាប់ខ្លួន ពីបទសង្ស័យបំពានលើច្បាប់ឆបោក តាមប្រព័ន្ធកុំព្យូទ័រ។ បុរសម្នាក់នោះ បានប្រាប់ប៉ូលិសថា លោកបានចំណាយលុយទាំងនោះ នៅកាស៉ីណូអនឡាញអស់ហើយ ប៉ុន្តែអាជ្ញាធរសង្ស័យថា តាមពិតរូបគេទំនងជាបានផ្ទេរប្រាក់មួយចំនួន ចេញទៅកាន់គណនីផ្សេង ទោះបីដឹងថា ខ្លួនទទួលបានលុយដោយការភ័ន្តច្រឡំក៏ដោយ៕