
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៨៣១ករណី» និងស្លាប់ម្នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)
18-05-2022 19:08
(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៨៣១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗ ក្នុងស្រុកប្រចាំថ្ងៃនេះចំនួន ៤០៣ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Phúc មានចំនួន ១៣៩ករណី និងខេត្ត Phú Thọ ចំនួន១២៥ករណី។
ក្នុងរបាយការណ៍ថ្ងៃពុធនះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីម្នាក់ទៀតផងដែរ។
គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧០១,៧៩៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៧៣,២៩៤នាក់ និងស្លាប់សរុបចំនួន ៤៣,០៧២នាក់៕