(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា កម្រិតឆ្លងរាលដាលខ្ពស់នៃជំងឺ COVID-19 ក្នុងចំណោមនុស្សដែលមិនបានចាក់វ៉ាក់សាំង ដូចនៅប្រទេសកូរ៉េខាងជើង ជាដើម កំពុងបង្កើតហានិភ័យគួរឱ្យព្រួយបារម្ភ អំពីមេរោគបំប្លែងខ្លួនថ្មីៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មាន, នាយកផ្នែកសង្រ្គោះបន្ទាន់របស់ WHO លោក ម៉ាយ រ៉ាយអេន (Mike Ryan) បានឆ្លើយតបទៅនឹងសំណួរអំពីការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ក្នុងប្រទេសកូរ៉េខាងជើង យ៉ាងដូច្នេះថា «ប្រាកដណាស់ថា វាជាការព្រួយបារម្ភមួយ ប្រសិនបើប្រទេសនានា មិនបានចាត់វិធានការដែលមានស្រាប់ សម្រាប់ការពារការរាលដាលនៃវីរុស»។ លោកបន្ថែមថា «WHO បានក្រើនរំលឹកម្តងហើយម្តងទៀតថា កន្លែងណា ដែលមិនមានការតាមដានត្រួតពិនិត្យការឆ្លង វាតែងតែមានហានិភ័យនៃវត្តមានមេរោគបំម្លែងថ្មី»។ រីឯប្រមុខ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ក៏បានបង្ហាញក្តីបារម្ភអំពីការរាលដាលនៃមេរោគ ក្នុងចំណោមប្រជាជនដែលមិនបានចាក់វ៉ាក់សាំង ហើយមានជំងឺប្រចាំកាយច្រើន។ ទោះយ៉ាងណា WHO បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់កូរ៉េខាងជើង ប៉ុន្តែមិនមានអំណាចជ្រៀតជ្រៀក ក្នុងប្រទេសអធិបតេយ្យឡើយ។

គួរបញ្ជាក់ថា បើតាម WHO ទីក្រុងព្យុងយ៉ាងមិនទាន់ជូនដំណឹងជាផ្លូវការ អំពីការផ្ទុះឡើងនូវជំងឺ COVID-19 មកកាន់ខ្លួននៅឡើយទេ ដែលនេះអាចជាការបំពានលើកាតព្វកិច្ចផ្លូវច្បាប់របស់កូរ៉េខាងជើង នៅក្រោមក្រិតក្រមសុខភាពអន្តរជាតិរបស់ WHO។ កូរ៉េខាងជើង ដែលត្រូវបាន ចាត់ទុកជាប្រទេសឯកោ និងជាសមាជិករបស់ WHO មួយ ដែរនោះ ទើបតែបានប្រកាសពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ជាលើកដំបូង ចំពោះក្តីបារម្ភថា វាអាចនឹងអាចក្លាយជា វិបត្តិធ្ងន់ធ្ងរ ដោយសារតែការខ្វះខាតវ៉ា់ក់សាំង និងហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្រ្ត៕