(ប៊ែកឡាំង)៖ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 បានគាំទ្រការផ្តល់ជំនួយ និងសព្វាវុធបន្ថែមទៀតដល់ទីក្រុងកៀវ ខណៈដែលពួកគេបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ (១៣ឧសភា) នៅក្នុងអ្វីដែលអាល្លឺម៉ង់ហៅថាជា «សញ្ញារឹងមាំនៃការឯកភាពគ្នា» ដើម្បីធ្វើឱ្យរុស្ស៉ីកាន់តែឯកោជាសកល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រកាសផ្តល់ជំនួយផ្នែកយោធាចំនួន ៥០០លានអឺរ៉ូ (៥១៩លានដុល្លារអាមេរិក) បន្ថែមទៀតដល់អ៊ុយក្រែន ហើយបាននិយាយថា លោកមានទំនុកចិត្តថា ការហ៊ុមព័ទ្ធរបស់សហភាពអឺរ៉ុបលើប្រេងរបស់រុស្ស៊ីអាចនឹងត្រូវបានយល់ព្រមនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Liz Truss បានប្រកាសដាក់ទណ្ឌកម្មថ្មី សំដៅលើបណ្តាញហិរញ្ញវត្ថុរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមជ្ឈដ្ឋានខាងក្នុងរបស់លោក រួមទាំងអតីតភរិយា និងបងប្អូនជីដូនមួយរបស់លោក ហើយក៏បានអំពាវនាវឱ្យមានការពង្រឹងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ៕