(កៀវ)៖ រុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ជំនួយរបស់លោកខាងលិចដល់ក្រុងកៀវ ពិតជាបានពន្យឺតការវាយលុកក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែនឹងមិនអាចរារាំងដល់ជ័យជម្នះរបស់ខ្លួនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា «សហរដ្ឋអាមេរិក អង់គ្លេស ព្រមទាំងអង្គការណាតូ តែងតែប្រគល់ការណ៍សម្ងាត់ដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនជាអចិន្ត្រៃយ៍»។
លោកបន្តថា «គួបផ្សំជាមួយនឹងលំហូរនៃសព្វាវុធដែលប្រទេសទាំងនេះ កំពុងបញ្ជូនទៅឲ្យអ៊ុយក្រែន គឺជាសកម្មភាពដែលមិនរួមចំណែកដល់ការបញ្ចប់ប្រតិបត្តិការរហ័សទេ...ទោះជាយ៉ាងណាក៏ដោយ ជំនួយខាងក្រៅទាំងនោះ ក៏មិនអាចរារាំងសមិទ្ធផលនៃគោលដៅនៃប្រតិបត្តិការយោធារបស់រុស្ស៊ីដែរ»។
បន្ទាប់ពីសង្រ្គាមជិត ១០សប្តាហ៍ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ បំផ្លាញទីក្រុងអ៊ុយក្រែនជាច្រើន និងជម្លៀសប្រជាជនជាង ១៣លាននាក់ វិមានក្រឹមឡាំងបានទទួលស្គាល់ថា បណ្តាប្រទេសលោកខាងលិចបានរារាំង «ការបិទបញ្ចប់» យ៉ាងឆាប់រហ័សនៃយុទ្ធនាការយោធារបស់រុស្ស៊ី៕