លោក ហ្សេលេនស្គីថា ឥណ្ឌូណេស៊ី អញ្ជើញរូបលោកឱ្យចូលរួមកិច្ចប្រជុំកំពូល G20 (Video inside)
28-04-2022 11:53
(ហ្សាការតា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធសប្ដាហ៍នេះ បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter ថាប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ បានអញ្ជើញរូបលោកឱ្យចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅកាត់ G20 ដែលនឹងប្រារព្ធឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅចុងឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ខ្ញុំបាននិយាយពិភាក្សាជាមួយលោកប្រធានាធិបតី លោក ចូ កូវីដូដូ ខ្ញុំរីករាយណាស់ចំពោះការអញ្ជើញខ្ញុំឱ្យ ចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20»។
គួរបញ្ជាក់ថា អ៊ុយក្រែន មិនមែនជាសមាជិកនៃក្រុមប្រទេស G20 ទេ ប៉ុន្តែប្រធានប្ដូរវេន អាចអញ្ជើញប្រទេសជាភ្ញៀវណាមួយឲ្យចូលរួមកិច្ចប្រជុំ។ ទោះជាយ៉ាងណា ក្រសួងការបរទេសឥណ្ឌូណេស៊ី មិនបានបញ្ជាក់ពីការអញ្ជើញរបស់លោក ហ្សេលេនស្គី ភ្លាមៗនោះទេ ប៉ុន្តែបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស «បាន និងកំពុងពិភាក្សា» និងរាយការណ៍លទ្ធផលទៅលោកប្រធានាធិបតី វីដូដូ៕