(ប៉េកាំង)៖ កាលពីថ្ងៃទី២៤ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបច្ចុប្បន្ន បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មីម្ដងទៀត។ ក្នុងនាមជាប្រទេសស្នូលរបស់សហភាពអឺរ៉ុប ប្រទេសបារាំងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសមាហរណកម្មអឺរ៉ុប និងប្រកាន់ខ្ជាប់នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ។ ក្នុងបរិបទដែលទ្វីបអឺរ៉ុបផ្ទុះសង្គ្រាមឡើងវិញ លោក Macron បានជាប់ឆ្នោតជាប្រធានាធិបតីបារាំងម្តងទៀត បានទទួលការយកចិត្តទុកដាក់ជាពិសេស។
ក្នុងឯកសារកម្មវត្ថុសម្រាប់ឃោសនារកសំឡេងលើកនេះ លោក Macron បានលើកឡើងថា នឹងបន្តគោលនយោបាយអាណត្តិដំបូង ដើម្បីបង្កើតជាប្រទេសដែលកាន់តែឯករាជ្យ។ ចំណុចនេះបានធ្វើឱ្យលោកទទួលបានការគាំទ្រ ប៉ុន្តែវាក៏ជាបញ្ហាមួយដែលលោក Macron ប្រឈមមុខក្រោយពីបានជាប់ឆ្នោតឡើងវិញផងដែរ។ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវការខ្វែងគំនិតខាងផលប្រយោជន៍ ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនជាមួយអាមេរិក។
ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺជាវិបត្តិធ្ងន់បំផុតដែលអឺរ៉ុបកំពុងប្រឈមមុខក្រោយពី សង្គ្រាមលោកលើកទី២។ ក្រោមការញុះញង់របស់អាមេរិក អឺរ៉ុបបានដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងៗ ដល់រុស្ស៊ីឥតឈប់ឈរ កម្លាំងប្រតិកម្មដែលខ្លួនរងគ្រោះ ក៏កំពុងលេចចេញពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ តាមទិន្នន័យស្ថិតិរបស់សហភាពអឺរ៉ុបបង្ហាញឱ្យឃើញថា អត្រាអតិផរណានៃតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ក្នុងខែមីនាបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ពោលគឺឡើងដល់៧.៤ភាគរយ។ អត្រាអតិផរណារបស់ប្រទេសមួយចំនួន រហូតដល់បានឡើងដល់១៥.៦ភាគរយ ដែលបណ្តាលឱ្យប្រជាជនអឺរ៉ុបត្អូញត្អែរមិនឈប់។
ការនេះបង្ហាញឱ្យឃើញថា ក្រោមការចាប់ពង្រត់ពីប្រទេសអាមេរិក អឺរ៉ុបបានក្លាយជាអ្នករងគ្រោះខ្លាំង ក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ចំណែកឯប្រទេសអាមេរិក ដែលជាអ្នកបង្ករឿងនៃវិបត្តិអ៊ុយក្រែន បែរជាកំពុងឱបដៃឈរមើលនៅម្ខាង ហើយអង្គុយទទួលផលប្រយោជន៍ អាមេរិកមិនត្រឹមតែឆ្លៀតឱកាសឆក់យក ផលចំណេញនិងដាក់សម្ពាធទៅលើរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងក៏ប្រើអន្ទាក់អ៊ុយក្រែន មកធ្វើឱ្យអឺរ៉ុបកាន់តែពឹងផ្អែកទៅលើ អាមេរិកនិងធ្វើតាមអាមេរិកទៀតផង។
ដោយសារហេតុនេះ សម្រែករបស់អឺរ៉ុបដែលអំពាវនាវឱ្យអឺរ៉ុប រំដោះចេញពីការពឹងផ្អែកជាយុទ្ធសាស្ត្រទៅលើ អាមេរិកកាន់តែលាន់ឮខ្ទរខ្ទារៗ។ នៅខែមីនា សហភាពអឺរ៉ុបបានដាក់ចេញនូវ «ផែនការត្រីវិស័យយុទ្ធសាស្ត្រ» មួយច្បាប់ ដោយលើកឡើងថា នឹងបង្កើតជាកម្លាំងយោធាអឺរ៉ុបដែលមានភាពខុសគ្នានឹងអង្គការណាតូ បង្កើតក្របខ័ណ្ឌសន្តិសុខរបស់អឺរ៉ុបខ្លួនឯង គឺបង្ហាញទិសដៅធ្វើការខិតខំសម្រាប់ឆ្ពោះទៅរកគោលដៅនេះ។
ក្នុងវិស័យនេះ អឺរ៉ុបអាចធ្វើកាន់តែច្រើន។ ឧទាហរណ៍ដូចជា ក្នុងទំនាក់ទំនងជាមួយប្រទេសចិន អឺរ៉ុបត្រូវរក្សាខួរគិតច្បាស់លាស់ ហើយមានការយល់ដឹងប្រកបដោយវិចារណញ្ញាណចំពោះប្រទេសចិន។ នៅពេលថ្មីៗនេះ លោកស្រី Sherman អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍របស់អាមេរិក បានបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប ប្រើអ្វីដែលហៅថា ការសន្ទនាស្តីពីប្រធានបទប្រទេសចិនរវាងអាមេរិកនិងអឺរ៉ុប ដើម្បីមួលបង្កាច់ប្រទេសចិន និយាយត្រង់គឺមានចេតនា ចង់លេងកលល្បិចបង្ខូចអឹរ៉ុប រុស្ស៊ីនិងប្រទេសចិន ដើម្បីគាំពារសន្តិសុខដាច់ខាតនិងអនុត្តរភាពដាច់ខាតរបស់ខ្លួន។ នេះជាអន្ទាក់អាមេរិកដែលបានបង្កើតម្ដងមួយជំហានៗ អឺរ៉ុបត្រូវតែសង្កេតមើលឱ្យច្បាស់។
ជោគវាសនារបស់អឺរ៉ុបត្រូវក្តាប់ក្នុងដៃរបស់អឺរ៉ុបខ្លួនឯង។ ការសច្ចាប្រណិទានរបស់លោក Macron ស្តីពីភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់អឺរ៉ុប គួរអនុវត្តក្នុងពេលឆាប់ៗ។ ពិភពលោកត្រូវការអឺរ៉ុប ដែលមានភាពម្ចាស់ការខាងយុទ្ធសាស្ត្រ អឺរ៉ុបក៏ត្រូវបំពេញបន្ថែមនូវភាពនឹងនរ និងភាពប្រាកដប្រជាកាន់តែច្រើន ដល់ពិភពលោកដែលកំពុងស្ថិតក្នុង ភាពច្របូកច្របល់និងប្រែប្រួលផងដែរ៕