(ហ្សឺណេវ)៖ អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយថា ទីភ្នាក់ងារនេះរំពឹងថាមនុស្សប្រហែល ៨.៣លាននាក់ នឹងភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែននៅឆ្នាំនេះ ដោយដំឡើងការព្យាករណ៍របស់ខ្លួនលើសពីលើកមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យ UNHCR លោកស្រី Shabia Mantoo បានប្រាប់សន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិថា មនុស្សជាង ១២.៧លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្នុងនោះមនុស្ស ៧.៧លាននាក់បានផ្លាស់ទីលំនៅខាងក្នុងប្រទេស និងជាង ៥លាននាក់ដែលបានភៀសខ្លួនឆ្លងព្រំដែន។

លោកស្រី Mantoo បានប្រាប់សន្និសីទសារព័ត៌មានខ្លីថា «ទំហំនៃវិបត្តិនេះ ប្រាកដណាស់គឺជាល្បឿនដ៏លឿន នជនភៀសខ្លួន ដែលយើងមិនបានឃើញទេក្នុងរយៈពេលថ្មីៗនេះ»។ លោកស្រីបានបន្ថែមថា ទោះជាយ៉ាងណា នាពេលបច្ចុប្បន្នប្រទេសស៊ីរីនៅតែជាវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងពិភពលោក ដែលមានមនុស្សចំនួន ៦.៨លាននាក់បានភៀសខ្លួន។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ UNHCR ធ្លាប់បានរំពឹងថា នឹងមានជនភៀសខ្លួនត្រឹមតែ ៤លាននាក់តែប៉ុណ្ណោះ។ ប៉ុន្តែចំនួនជនភៀសខ្លួនបានកើនលើសនេះរួចស្រេចទៅហើយ៕