(បែរឡាំង)៖ សមាជិកសភាអាល្លឺម៉ង់ម្នាក់ នៅថ្ងៃអង្គារនេះបាននិយាយថាទីក្រុងបែរឡាំង នឹងអនុម័តជាផ្លូវការនូវការបញ្ជូនប្រព័ន្ធអាវុធប្រឆាំង យន្ដហោះចម្បាំង ហ្សេប៉ាដ (Gepard) ឱ្យអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកចាប់ផ្ដើមកិច្ចប្រជុំបន្ទាន់ជាមួយសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាគ្នាពីការ បង្កើនការផ្ដល់ជំនួយយោធាដល់ទីក្រុង កៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

សមាជិកសភា លោក ចូហាន់នេស វ៉ូហ្គែល (Johannes Vogel) ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ជាមួយ ការបញ្ជាក់បន្ថែមថារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) នឹងប្រកាសពីការសម្រេចចិត្តខាងលើ នៅថ្ងៃអង្គារនេះ ក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្ត ដែលកំពុងប្រព្រឹត្តទៅនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក រុំាស្ដែន (Ramstein) ក្នុងប្រទេស អាល្លឺម៉ង់។

គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ដែលកំពុងប្រឈមមុខនឹងការរិះគន់ជាខ្លាំងទាំងនៅក្នុងស្រុក និងពីសំណាក់សម្ព័ន្ធមិត្ត ចំពោះការស្ទាក់ស្ទើរ ក្នុងការបញ្ជូនអាវុធធុនធ្ងន់ឱ្យអ៊ុយក្រែន ក៏បានសន្យាដែរថាទីក្រុងបែរឡាំងនឹងបញ្ជូនអាវុធប្រឆាំងរថក្រោះ និងយន្ដហោះចម្បាំងទៅឱ្យទីក្រុងកៀវ ដោយអាវុធទាំងនេះយកចេញពីឃ្លាំងស្ដុកអាវុធអាល្លឺម៉ង់ ហើយលោកបានហៅអាវុធទាំងនេះថាជាអាវុធ ការពារខ្លួនតែប៉ុណ្ណោះ៕