(ប៉េកាំង)៖ វ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍឡើងជាពិសេស ដើម្បីប្រឆាំង អូមីក្រុង ដោយក្រុមហ៊ុនចិន Sinopharm ទើបតែទទួលបាន ការអនុញ្ញាតពីនិយតករផ្នែកឱសថរបស់ប្រទេសចិន ឱ្យចាប់ផ្តើមការធ្វើតេស្តវាទៅលើមនុស្សហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២២។
Sinopharm គឺជាក្រុមហ៊ុននៅពីក្រោយ ការអភិវឌ្ឍវ៉ាក់សាំង COVID-19 ទូទៅ ២ប្រភេទ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ទាំងនៅក្នុងប្រទេសចិនផ្ទាល់ និងនៅជុំវិញពិភពលោក។ ក្រុមហ៊ុននេះ បានចាប់ផ្តើមការស្រាវជ្រាវលើវ៉ាក់សាំង ដែលមានគោលដៅប្រឆាំងនឹង Omicron ជាពិសេស កាលពីដើមខែធ្នូ ឆ្នាំ២០២១។
បើយោងតាមការអះអាងរបស់ក្រុមហ៊ុន ការសិក្សានិងពិសោធន៍កន្លងមកទៅលើសត្វ បានបង្ហាញថា វ៉ាក់សាំងថ្មីនោះ អាចបណ្តុះ ឱ្យមានអង់ទីករក្នុងកម្រិតយ៉ាងរឹងមាំប្រឆាំងនឹង Omicron ព្រមទាំងទម្រង់ COVID-19 មួយចំនួនទៀត។ ប្រសិនបើជោគជ័យ វ៉ាក់សាំងនោះ ទំនងជានឹងត្រូវយកទៅប្រើប្រាស់ជា វ៉ាក់សាំងដូសជំរុញទី៣ ឬក៏ទី៤ នៅក្នុងប្រទេសចិន។
គួរបញ្ជាក់ ការធ្វើតេស្តលើមនុស្សចំពោះវ៉ាក់សាំងខាងលើ នឹងធ្វើឡើងក្នុងចំណោម អ្នកមានវ័យលើសពី១៨ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 រួចរាល់ ២-៣ដូស៕