(ជីស៊ីណូ)៖ ប្រធានាធិបតីម៉ុលដាវី លោកស្រី មៀអា សាន់ឌូ (Maia Sandu) នឹងកោះប្រជុំបន្ទាន់មួយ នៅថ្ងៃអង្គារនេះ ជាមួយក្រុមប្រឹក្សាសន្តិសុខកំពូលរបស់ប្រទេស ជុំវិញការកើនឡើងនៃភាពតានតឹង នៅក្នុងតំបន់ផ្តាច់ខ្លួន ត្រេនស្នីស្ទ្រៀ (Transnistria)។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី, «លោកស្រី Sandu នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីអំពីឧប្បត្តិហេតុនាពេលថ្មីៗនេះ»។ កាលពីព្រឹកថ្ងៃអង្គារ៍ (ម៉ោងក្នុងតំបន់) អង់តែនវិទ្យុចំនួន២ ដែលបំពាក់នៅឯប្រជុំជនម៉ាយ៉ាក់ (Mayak) នៃតំបន់ Transnistria ត្រូវបានគេបំផ្ទុះ ខណៈដែលកាលពីថ្ងៃចន្ទសប្តាហ៍នេះ អគារនៃក្រសួងសន្តិសុខរដ្ឋនៅទីនោះ ក៏បានទទួលរងហេតុការណ៍ផ្ទុះផងដែរ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានអ្នកទទួលខុសត្រូវ ចំពោះឧប្បត្តិហេតុទាំងនេះ នៅឡើយទេ។

គួរបញ្ជាក់ថា កាលពីក្នុងខែមិនា កន្លងទៅវិញ អាជ្ញាធរតំបន់ Transnistria ទទួលបានសារអនាមិកជាច្រើន អំពីការដាក់គ្រាប់បែក នៅតាមសាលារៀន មន្ទីរពេទ្យ និងផ្សារទំនើប ជាដើម។ Transnistria ជាតំបន់ដែលមានប្រជាជនប្រហែល ៤៧០,០០០ ស្ថិតនៅរវាងម៉ុលដាវី និងអ៊ុយក្រែន ហើយស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរបំបែករដ្ឋ ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៩២មក។ រុស្ស៉ី ក៏មានកងទ័ពប្រហែល ១,៥០០នាក់ នៅទីនោះផងដែរ ដោយហៅពួកគេថាជា កងរក្សាសន្តិភាព៕