(ហូនីយ៉ារ៉ា)៖ ក្រុមមន្ត្រីអាមេរិកដែលទៅបំពេញទស្សនកិច្ច នៅប្រទេសដែនកោះយុទ្ធសាស្រ្តសូឡូម៉ុន (Solomon) កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើចិនបង្កើតវត្តមានយោធាអចិន្ត្រៃយ៍នៅទីនោះ បន្ទាប់ពីប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសនិ្តសុខជាមួយចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

គណៈប្រតិភូសេតវិមានដែលកំពុងស្ថិតនៅក្នុងរដ្ឋធានីហូនីយ៉ារ៉ា (Honiara) បានធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់នៅថ្ងៃតែមួយ ដែលឯកអគ្គរដ្ឋទូតចិន បានចូលរួមព្រឹត្តិការណ៍មួយ ជាមួយនាយករដ្ឋមន្ត្រីសូឡូម៉ុន លោក ម៉ាណាស់សេហ៍ សូហ្ការ៉ា (Manasseh Sogavare)។

សហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តពីប្រពៃណីរបស់ប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ មានការសង្ស័យយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខ ដោយបារម្ភថា ប្រទេសនេះអាចនឹងផ្តល់កន្លែងឈរជើងសម្រាប់យោធាចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។

សេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្ត្រីអាមេរិកបានប្រាប់លោក Sogavare ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា នាពេលថ្មីៗនេះអាច បង្កបញ្ហាផ្នែកសន្តិសុខក្នុងតំបន់ សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។

សេតវិមាន បានបន្ថែមថា «ប្រសិនបើសកម្មភាពត្រូវបានធ្វើឡើង ដើម្បីបង្កើតវត្តមានយោធាអចិន្ត្រៃយ៍, បង្កើតសមត្ថភាពពង្រីក ឥទ្ធិពល ឬមួយមូលដ្ឋានទ័ព, គណៈប្រតិភូអាមេរិកបានកត់សម្គាល់យ៉ាងដូច្នេះថា សហរដ្ឋអាមេរិកនឹងមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនឹងចាត់វិធានការឆ្លើយតបទៅតាមនោះ»

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន «លោក Sogavare បានអះអាងម្តងទៀតនូវការធានាជាក់លាក់របស់លោកថា នឹងមិនមានមូលដ្ឋានយោធា ឬវត្តមានយោធារយៈពេលវែងនៅក្នុងប្រទេសលោកឡើយ គឺដូចដែលលោកធ្លាប់បានប្រកាសជាសាធារណៈ រួចមកហើយ»

គួរបញ្ជាក់ថា ចិនបានប្រកាសនៅសប្តាហ៍នេះថា ខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខ ជាមួយប្រទេសដែនកោះ Solomon។ សេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ បានធ្វើឱ្យប្រទេសនានាក្នុងតំបន់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលវាត្រូវបានបែកធ្លាយកាលពីខែមុន ជាពិសេសវិធានការដែលអនុញ្ញាតឱ្យ មានការចល័តនាវាចម្បាំងចិន មកកាន់សូឡូម៉ុន ដែលស្ថិតនៅចម្ងាយមិនដល់ ២,០០០គីឡូម៉ែត្រឡើយ ពីប្រទេសអូស្ត្រាលី៕