(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានព្រមានថា ការវាយប្រហាររបស់រុស្ស៉ី មកលើប្រទេសអ៊ុយក្រែន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយទីក្រុងមូស្គូ អាចនឹងមានគំនិត ក្នុងការចាប់យកប្រទេសផ្សេងទៀត បន្ទាប់ពីឧត្តមសេនីយ៍មួយរូបរបស់រុស្ស៉ី និយាយថា ខ្លួនចង់គ្រប់គ្រងទាំងស្រុង

លើភាគខាងត្បូងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

ថ្លែងតាមរយៈវីដេអូ នាថ្ងៃសុក្រសប្តាហ៍នេះ លោក Zelenskiy បានលើកឡើងយ៉ាងដូច្នេះថា «ប្រជាជាតិទាំងអស់ ដែលជឿជាក់លើជ័យជម្នះក្នុងការសង្រ្គោះជីវិតពីសេចក្តីស្លាប់ ដូចជាពួកយើងដែរនោះ ត្រូវតែចូលរូមប្រយុទ្ធជាមួយពួកយើង។ ពួកគេត្រូវតែជួយយើង ព្រោះយើងជាអ្នកទី១ នៅក្នុងជួរ ហើយបន្ទាប់មកតើជានរណាទៀត?

គួរបញ្ជាក់ថា មេបញ្ជាការរងភូមិភាគកណ្តាលរបស់រុស្ស៉ី លោក រូសស្ត៉ាម មីនេកកាយ៉េវ (Rustam Minnekayev) ដែលត្រូវបានដកស្រងសម្តី ដោយទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី បាននិយាយថា ការគ្រប់គ្រងទាំងស្រុងលើភាគខាងត្បូងអ៊ុយក្រែន នឹងផ្តល់ភាពងាយស្រួល ក្នុងការឆ្ពោះទៅតំបន់ ត្រេនស្នីស្ទ្រៀ (Transnistria) ដែលជាតំបន់ផ្តាច់ខ្លួន នៅក្នុងប្រទេសម៉ុលដាវី និងមានជនជាតិរុស្ស៉ីរស់នៅភាគច្រើន៕