(មូស្គូ)៖ មេបញ្ជាការរងនៃកងកម្លាំងយោធាភូមិភាគកណ្តាលរបស់រុស្ស៉ី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអះអាងថា រុស្ស៉ីមានផែនការ ចង់គ្រប់គ្រងឱ្យបានទាំងស្រុងលើ តំបន់ដុនបាស់ ហើយនិងតំបន់ភាគខាងត្បូងអ៊ុយក្រែន កំលុងដំណាក់កាលទី២ នៃប្រតិបត្តិការយោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។
ការអះអាងពីលោក រូស្តាម មីនណេកាយ៉េវ (Rustam Minnekayev) ដែលជាមេបញ្ជាការរងខាងលើ គឺជាការបញ្ជាក់យ៉ាងលម្អិតមួយ អំពីមហិច្ឆតារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ហើយវាក៏ជាសញ្ញាដែរថា រុស្ស៉ីហាក់នឹងមិនដកថយក្នុងពេលឆាប់ៗនោះឡើយ។ កាលពីថ្ងៃពុធសប្តាហ៍នេះ អភិបាលតំបន់ លូហាន់ (Luhansk) ដែលជាតំបន់មួយក្នុងចំណោមតំបន់ពីរ នៃដុនបាស់ បានអះអាងថា រុស្ស៉ីគ្រប់គ្រង៨០ភាគរយនៃតំបន់នោះហើយ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ រុស្ស៉ីបានចាប់ផ្តើមដំណាក់កាលទី២ នៃប្រតិបត្តិការយោធារបស់ខ្លួន ដោយផ្តោតលើតំបន់ដុនបាស់ ដែលនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីមិនអាចគ្រប់គ្រងរដ្ឋធានីកៀវ ដែលនៅភាគខាងជើងបាន គិតចាប់តាំងពីការលើកទ័ពចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕