(វ៉ាស៉ីនតោន)៖ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក វ៉ាលី អាដេយេម៉ូ (Wally Adeyemo) បានប្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុលីទុយអានី នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) ថា សហរដ្ឋអាមេរិកគាំទ្រប្រទេសលីទុយអានីយ៉ាងពេញទំហឹង នៅក្នុងជម្លោះជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថាយ៉ាងដូច្នេះថា «លោក Adeyemo បានបញ្ជាក់ជាថ្មី នូវការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិក សម្រាប់លីទុយអានី ខណៈដែលប្រទេសនេះ កំពុងប្រឈមការគាបសង្កត់ផ្នែកសេដ្ឋកិច្ច ពីសាធារណរដ្ឋប្រជាមានិតចិន»៕
គួរបញ្ជាក់ថា ចិនបានផ្អាកការនាំចូលទំនិញពីប្រទេសលីទុយអានី បន្ទាប់ពីប្រទេសសហភាពអឺរ៉ុបមួយនេះ បានអនុញ្ញាតឱ្យកោះតៃវ៉ាន់ បើកស្ថានទូតក្រៅផ្លូវការនៅក្នុងរដ្ឋធានីរបស់ខ្លួន ជាហេតុធ្វើឱ្យទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ប្រទេសចិន មានការខឹងសម្បារយ៉ាងខ្លាំង៕