(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុកាណាដា លោកស្រី គ្រីស្ទៀ ហ្វ្រីលែន (Chrystia Freeland) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមប្រទេសដែលសេដ្ឋកិច្ចរីកចម្រើន G20 មិនអាចធ្វើការប្រកបដោយប្រសិទ្ធភាពបានទេ ដរាណារុស្ស៉ីនៅតែជាសមាជិកនោះ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយ រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ុយក្រែន លោក សឺហ៊ី ម៉ាឆេនកូ (Serhiy Marchenko), លោកស្រី Freeland បានគូសបញ្ជាក់ថា «G20 មិនអាចដំណើរការដោយមានប្រសិទ្ធភាពបានទេ ជាមួយរុស្ស៉ីអង្គុយនៅតុប្រជុំ។ រុស្ស៉ីមិនសមមានកន្លែង អង្គុយនៅនឹងតុប្រជុំ នៃបណ្តាប្រទេសដែលបានរួបរួមគ្នា ដើម្បីរក្សាវិបុលភាពសេដ្ឋកិច្ចពិភពលោកឡើយ»។ លោកស្រី បានបន្ថែមថា «រុស្ស៉ីបានបំពានច្បាប់អន្តរជាតិយូមកហើយ ជាមួយនឹងការឈ្លានពានភាគខាងត្បូងអ៊ុយក្រែន (សំដៅលើតំបន់គ្រីមា), អ្នកឯងមិនអាចជាអ្នកប្រមាញ់សត្វផង និងជាអ្នកការពារសត្វផង ក្នុងពេលតែមួយបានទេ»

គួរបញ្ជាក់ថា ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន ការមិនពេញចិត្តចំពោះវត្តមានរបស់រុស្ស៉ី ត្រូវបានបង្ហាញចេញយ៉ាងច្បាស់ ក្នុងសប្តាហ៍នេះ កំលុងកិច្ចប្រជុំ G20 ក៏ដូចជាកិច្ចប្រជុំរបស់មូនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ធនាគារពិភពលោក (World Bank) ដែលរៀបចំឡើងនៅទីក្រុងវ៉ាស៊ីនតោន ដោយក្រុមមន្រ្តីអាមេរិក, កាណាដា, អង់គ្លេស និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បាននាំគ្នាដើរចេញពីកិច្ចប្រជុំ រយៈពេល៣ថ្ងៃជាប់គ្នា រាល់ពេលដល់វេនក្រុមមន្រ្តីរុស្ស៉ីត្រូវឡើងថ្លែង៕