(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) នឹងធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងមូស្គូនិងទីក្រុងកៀវនៅសប្តាហ៍ក្រោយ ហើយនឹងជួបជាមួយប្រធានានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាលើកដំបូង គិតចាប់តាំង ពីការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។
លោកប្រមុខ UN នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ នៅថ្ងៃទី២៦ ខែមេសា ហើយក្រៅពីជួបលោក ពូទីន លោកក៏នឹងជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ផងដែរ កំលុងដំណើរទស្សនកិច្ចនោះ។ បន្ទាប់មក លោក Guterres នឹងបន្តដំណើរទៅកាន់ ទីក្រុងកៀវនៅថ្ងៃទី២៨ ខែមេសា ហើយលោកនឹងជួបជាមួយលោក ហ្សេលេនស្គី ព្រមទាំងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូបេឡា។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Guterres បានស្នើឱ្យលោក ពូទីន ទទួលដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងមូស្គូ និងលោក ហ្សេលេនស្គី ឱ្យទទួលលោកនៅទីក្រុងកៀវ តាមរយៈលិខិត២ដាច់ដោយឡែកពីគ្នា ដែលបានផ្ញើទៅកាន់ បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៉ីនិងអ៊ុយក្រែនប្រចាំនៅ UN៕