(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែផ្តល់ការពន្យល់យ៉ាងទូលំទូលាយ និងលម្អិតអំពីសកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួន ហើយបញ្ចប់ការជំទាស់ជាឯកតោភាគីរបស់ខ្លួន ដែលប្រឆាំងនឹងការបង្កើតយន្តការផ្ទៀងផ្ទាត់ពហុភាគីសម្រាប់អាវុធជីវសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យ លោក Zhao Lijian បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ជុំវិញការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova អំពីការរកឃើញរបស់រុស្ស៊ី អំពីឯកសារ និងព័ត៌មានមួយចំនួនអំពីផែនការជីវសាស្ត្រយោធា ដែលធ្វើឡើងដោយក្រសួងការពារជាតិអាមេរិកនៅអ៊ុយក្រែន។

អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់បាននិយាយថា ភាគីរុស្ស៊ីបានលាតត្រដាងការពិតដល់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត ហើយទាមទារឱ្យមានការពន្យល់លម្អិត ពីភាគីអាមេរិកជុំវិញបញ្ហានេះ។

លោក Zhao បាននិយាយថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានបរាជ័យក្នុងការផ្តល់ នូវការពន្យល់ដ៏គួរឱ្យជឿជាក់សម្រាប់សកម្មភាពជីវយោធារបស់ខ្លួន ដោយបន្ថែមថា ការពន្យល់ទាំងនោះមានភាពមិនច្បាស់លាស់ និងផ្ទុយគ្នា ដែលធ្វើឲ្យសហគមន៍អន្តរជាតិកាន់តែមានភាពព្រួយបារម្ភខ្លាំងឡើង។

លោកបានសង្កត់ធ្ងន់ថា «យើងជំរុញម្តងទៀតឱ្យភាគីសហរដ្ឋអាមេរិកបញ្ជាក់ពីសកម្មភាពជីវយោធារបស់ខ្លួន ក្នុងលក្ខណៈទូលំទូលាយ និងលម្អិត ហើយបញ្ឈប់ការជំទាស់ជាឯកតោភាគីចំពោះការបង្កើតយន្តការផ្ទៀងផ្ទាត់ពហុភាគី»៕