(សិង្ហបូរី)៖ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ដែលចូលប្រទេសសិង្ហបុរីតាមច្រកអាកាស ឬតាមសមុទ្រ នឹងមិនចាំបាច់ធ្វើតេស្តមុនពេលចេញដំណើរចូលមកក្នុងប្រទេសទៀតទេ ចាប់ពីថ្ងៃទី២៦ ខែមេសាតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

ក្រសួងសុខាភិបាល (MOH) បាននិយាយនៅថ្ងៃសុក្រ ទី២២ ខែមេសានេះថា «ជាមួយនឹងការផ្លាស់ប្តូរនេះ វានឹងមានន័យថា អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ មិនតម្រូវឱ្យមានការធ្វើតេស្តណាមួយ ដើម្បីចូលប្រទេសសិង្ហបុរីទៀតទេ»។

ការដកចេញនូវតម្រូវការធ្វើតេស្តមុនពេលចេញដំណើរនេះ ក៏អនុវត្តចំពោះកុមារដែលមិនបានចាក់វ៉ាក់សាំងពេញលេញ ដែលមានអាយុចាប់ពី ១២ឆ្នាំចុះក្រោមផងដែរ។

គួរបញ្ជាក់ថា វិធានការ បច្ចុប្បន្ន គឺតម្រូវ ឱ្យ អ្នក ដែល ចូលមកប្រទេសសិង្ហបុរី ធ្វើតេស្ត ក្នុង រយៈពេល ពីរ ថ្ងៃ មុន៕