(វីលនីញូស)៖ ប្រធានាធិបតីលីទុយអានី លោក ហ្គីតាណាស ណូសេដា (Gitanas Nauseda) បានប្រាប់រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ កំឡុងកិច្ចប្រជុំ ក្នុងទីក្រុងវីលនីញូស នៅថ្ងៃសុក្រនេះថាអង្គការណាតូ (NATO) គួរតែបង្កើនការដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅក្នុង ប្រទេសលីទុយអានី និងកន្លែងផ្សេងទៀតនៃផ្នែកខាងកើតអឺរ៉ុប ខណៈរុស្ស៉ីនៅតែបន្តការវាយប្រហារលើអ៊ុយក្រែន។ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Nauseda បានលើកឡើងយ៉ាងដូច្នេះថា «NATO គួរតែផ្លាស់ប្តូរវត្តមានកងវរសេនាតូច យ៉ាងហោចណាស់ទៅជាកងពលតូចវិញ ខណៈការពារតាមអាកាស ក៏គួរតែត្រូវបានកែលម្អផងដែរ»។
បន្ថែមពីលើនេះ លោកក៏បានអំពាវនាវឲ្យមានការពង្រឹងការតភ្ជាប់ផ្លូវគោកតែមួយគត់នៃតំបន់ បាល់់ទិក (Baltic) ទៅនឹងតំបន់ដែលនៅសល់ នៃសហភាពអឺរ៉ុបដែលជាច្រករបៀងដ៏តូចចង្អៀតមានឈ្មោះថាស៊ូវ៉ាគី (Suwalki) រវាងប្រទេសបេឡារុស និងតំបន់ខាលលីនីនហ្រ្គាត (Kaliningrad) របស់ប្រទេសរុស្ស៉ី៕