(ស៉ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសុក្រនេះបានប្រកាសដាក់ទណ្ឌកម្ម និងហាមប្រាមការធ្វើដំណើរលើកូនស្រីទាំងពីរនាក់របស់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងកូនស្រីម្នាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov)។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បណ្ដាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសដាក់ ទណ្ឌកម្មជាច្រើន ដែលផ្តោតលើក្រុមឥស្សរជនដែលមានទ្រព្យសម្បត្តិរបស់ទីក្រុងមូស្គូ ក៏ដូចជាឧស្សាហកម្មសំខាន់ៗ និងការចូលទៅកាន់ ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិជាដើម ខណៈអង្គភាព និងបុគ្គលសរុបជិត ៧៥០នាក់នៅក្នុងប្រទេសរុស្ស៊ី ក៏កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់ប្រទេសអូស្ត្រាលីផងដែរ។

ក្រសួងការបរទេសអូស្ត្រាលី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនជុំវិញការដាក់ទណ្ឌកម្មថ្មីនេះថា ខ្លួនក៏បានផ្តោតលើសមាជិក ព្រឹទ្ធសភារុស្ស៉ីចំនួន១៤៤នាក់ផងដែរ ដែលបានផ្តល់ការគាំទ្រដល់លោក ពូទីន ក្នុងការអនុម័តការទទួលស្គាល់ «ខុសច្បាប់» ថាតំបន់ដូណេត (Donetsk) និងលូហាន់ក៍ (Luhansk) ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាតំបន់ឯករាជ្យ កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អូស្ត្រាលីក៏បានប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើសហគ្រាសរដ្ឋរបស់រុស្ស៊ីចំនួន ១៤កន្លែងផងដែរ រួមទាំងអង្គភាពពាក់ព័ន្ធនឹងវិស័យការពារជាតិ ដូចជាក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Kamaz (KMAZ.MM) និងក្រុមហ៊ុនដឹកជញ្ជូន SEVMASH និង United Shipbuilding Corp ជាដើម៕