(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយនៅថ្ងៃសុក្រនេះថា NATO ត្រូវតែចៀសវាង ការប្រឈមមុខដាក់គ្នាខាងផ្នែកយោធាដោយផ្ទាល់ជាមួយរុស្ស៉ី ដែលអាចនាំឲ្យផ្ទុះសង្រ្គាមលោកលើកទី៣។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

ឆ្លើយតបនឹងសំណួរពីសារព័ត៌មានអាល្លឺម៉ង់ ឌែរ ស្ពីហ្គែល (Der Spiegel) ដែលសួរថាតើហេតុអ្វីបានជាលោកគិតថាការផ្តល់រថក្រោះដល់ អ៊ុយក្រែន អាចនាំឲ្យកើតមានសង្រ្គាមនុយក្លែអ៊ែរ? លោក Scholz បានលើកឡើងយ៉ាងដូច្នេះថា «គ្មានក្បួនច្បាប់ណាកំណត់ថានៅពេលណា ទើបអាល្លឺម៉ង់ត្រូវបានចាត់ទុកជាភាគីនៃសង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ នេះហើយជាអ្វីដែលសំខាន់ និងត្រូវពិចារណាតាមជំហាននីមួយៗ តាមរយៈការកិច្ចសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ»។

លោកបន្ថែមថា «ការចៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៉ី និង NATO គឺជាអាទិភាពកំពូលរបស់ខ្ញុំ, នោះហើយជាមូលហេតុ ដែលខ្ញុំមិនផ្តោតលើការស្ទង់មតិ ឬធ្វើឲ្យខ្លួនឯងច្របូកច្របល់ តាមរយៈការអំពាវនាវនានា ពីព្រោះថាផលវិបាកនៃកំហុសនឹងធ្វើឲ្យយើង នឹកស្មានមិនដល់»