(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថា អ៊ុយក្រែនត្រូវការទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារអាមេរិកក្នុងមួយខែ ដើម្បីទូទាត់សងសម្រាប់ការខាតបង់សេដ្ឋកិច្ច ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន NDTV នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

លោក Volodymyr Zelenskiy បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាតាមប្រព័ន្ធអនឡាញ ទៅកាន់វេទិកាធនាគារពិភពលោកយ៉ាងដូច្នេះថា សហគមន៍ពិភពលោក ចាំបាច់ត្រូវដកប្រទេសរុស្ស៊ីចេញពី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាបន្ទាន់ ហើយបានជំរុញឱ្យប្រទេសទាំងអស់ ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងមូស្គូជាបន្ទាន់ផងដែរ ខណៈការបិទច្រកសមុទ្រខ្មៅដោយរុស្ស៊ី កំពុងរារាំងការនាំចេញរបស់អ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ សន្តិសុខស្បៀងរបស់ពិភពលោក។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៉ីមកលើអ៊ុយក្រែន គឺជាការវាយប្រហារដ៏ធំបំផុតមកលើប្រទេសមួយនៃទ្វីបអឺរ៉ុប គិតចាប់តាំងពីឆ្នាំ១៩៤៥មក ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរងរបួស ហើយសព្វថ្ងៃនេះមនុស្សជាង ១២លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ នៅក្នុងប្រទេសអ៊ុយក្រែន៕