(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងហាមឃាត់នាវា ដែលពាក់ព័ន្ធជាមួយរុស្ស៊ី មិនឲ្យចូលចតកំពង់ផែរបស់សហរដ្ឋអាមេរិក ដែលជាការចូលរួមជាមួយប្រទេសកាណាដា និងប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងជំហានថ្មីចុងក្រោយមួយ ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ ជុំវិញសង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

លោក Biden បានថ្លែងថា តាមផែនការដែលបានគ្រោងទុក «នោះមានន័យថាគ្មាននាវាណាមួយ ដែលដោតទង់ជាតិរុស្ស៊ី ឬ គ្រប់គ្រង ឬដំណើរការដោយអង្គភាពរបស់រុស្ស៊ី នឹងត្រូវបានអនុញ្ញាត ឱ្យចូលចតនៅកំពង់ផែសហរដ្ឋអាមេរិក ឬចូលប្រើប្រាស់ឆ្នេរសមុទ្រ របស់យើងឡើយ»

បើតាម Reuters, កាលពីឆ្នាំ២០២១ នាវារបស់រុស្ស៉ី បានទៅដល់សហរដ្ឋអាមេរិកចំនួន១,៨០០លើក ខណៈជិត៩០ភាគរយ នៃការធ្វើចរាចរណ៍ទាំងអស់នោះ គឺជាការនាំចូលប្រេង ដែលសហរដ្ឋអាមេរិក បានហាមឃាត់រួចហើយ កាលពីពេលកន្លងទៅ ក្រោមចំណាត់ការទណ្ឌកម្មប្រឆាំងលើទីក្រុងមូស្គូ ជុំវិញវិបត្តិនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា បទបញ្ជារបស់លោក បៃដិន នាពេលនេះ គឺជាការឆ្លើយតប ចំពោះគោលនយោបាយ និងសកម្មភាព របស់របស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការបន្តវាយប្រហារថ្មីៗថែមទៀតលើប្រទេសអ៊ុយក្រែន៕