(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លើយឆ្លងគ្នាតាមរយៈសំបុត្រជាមួយប្រធានាធិបតីកូរ៉េខាងត្បូងផុតអាណត្តិ លោក មូន ចេអ៉ីន ហើយបានអរគុណលោក មូន ដែលបានខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េទាំង២ នៅចំពោះមុខការព្រួយបារម្ភពី ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានឱ្យដឹងថាលោក មូន ចេអ៉ីន បានផ្ញើសំបុត្រប្រកបដោយមិត្តភាពមកកាន់ លោក គីម ជុងអ៊ុន កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយការសន្យាថានឹងបន្តព្យាយាមបង្កើតមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍រួមដែលសម្រេចបាននៅឯកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីឆ្នាំ២០១៨ បើទោះជាកំពុងប្រឈមមុខនឹង ស្ថានភាពដ៏លំបាកក៏ដោយ។

KCNA បានបន្ថែមទៀតថា លោក គីម ជុងអ៊ុន បានឆ្លើយតបសំបុត្រទៅកាន់លោក មូន វិញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយលើកឡើងថាកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់មេដឹកនាំទាំង២ បានផ្ដល់ដល់ប្រជាជននូវក្ដីសង្ឃឹមសម្រាប់អនាគត ហើយលោក ក៏បានអរគុណលោក មូន ផងដែរដែលបានខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េទាំង២។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងលោក មូន ចេអ៉ីន ធ្លាប់ចូលរួមក្នុងកិច្ចប្រជុំកំពូលចំនួន៣លើក កាលពីឆ្នាំ២០១៨ ជាមួយការសន្យាថា ស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ។ ប៉ុន្តែ ទំនាក់ទំនងរវាងកូរ៉េទាំង២ បានធ្លាក់ចុះដុនដាបខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ខណៈមានការបារម្ភកាន់តែខ្លាំងថារបបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕