(អាហ្វហ្គានីស្ថាន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣៤នាក់បានស្លាប់ និង ១០២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកចំនួនពីរ នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០នាក់បានស្លាប់ និង ៨០នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះមួយនៅឯវិហារអ៊ីស្លាមមួយកន្លែង ក្នុងទីក្រុង Mazar-e-Sharif នៃខេត្ត Balkh។

សាក្សីម្នាក់បានប្រាប់ទីភ្នាក់ងារស៊ីនហួថា ការបំផ្ទុះបានកើតឡើងនៅខាងក្នុងវិហារឥស្លាមឈ្មោះថា Saay Doakaan នៅពេលដែលអ្នកថ្វាយបង្គំជាច្រើនកំពុងថ្វាយបង្គំនៅម៉ោងប្រហែល ១២៖៤៥នាទីយប់។

ការផ្ទុះលើកទីពីរបានកើតឡើងប្រហែល១៥នាទីក្រោយមក នៅក្នុងខេត្ត Kunduz ដែលនៅក្បែរខាង ដោយបានសម្លាប់មនុស្ស០៤នាក់និង២២នាក់ផ្សេងទៀតរងរបួស៕