(ឡុងដ៍)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ មេសានេះថា ទីក្រុងមូស្គូនៅតែរង់ចាំការឆ្លើយតបរបស់អ៊ុយក្រែន ចំពោះសំណើជាលាយលក្ខណ៍អក្សរចុងក្រោយរបស់រុស្ស៊ី ក្នុងកិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរ ហើយបានចោទសួរថា ហេតុអ្វីបានជាប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskyy មិនបានដឹងអំពីឯកសារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

លោក Zelenskyy បាននិយាយកាលពីថ្ងៃពុធថា គាត់មិនបានឃើញ ឬឮអំពីអត្ថបទដែលវិមានក្រឹមឡាំងបាននិយាយថា បានផ្ញើនោះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឡើងវិញ ដូចដែលខ្ញុំបាននិយាយកាលពីម្សិលមិញថា កំណែទម្រង់ចុងក្រោយបំផុតរបស់យើង ត្រូវបានប្រគល់ទៅឱ្យគូប្រជែងរបស់យើងរួចហើយ គឺគណៈប្រតិភូចរចាអ៊ុយក្រែន»

លោក Peskov បានបន្តថា វិមានក្រឹមឡាំងបានយល់ពីការអត្ថាធិប្បាយរបស់ Zelenskyy «ប៉ុន្តែវាបានបង្កើតនូវសំណួរមួយចំនួនអំពីមូលហេតុដែលថា ហេតុគ្មាននរណាម្នាក់រាយការណ៍ទៅប្រធានាធិបតីអំពីកំណែអត្ថបទរបស់យើង»