(ព្រុចសែល)៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោកស្រី សូហ្វី វីលម៉េស (Sophie Wilmes) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីនឹងឈប់សម្រាកពីការងាររដ្ឋាភិបាលជាបណ្តោះអាសន្ន ដើម្បីមើលថែស្វាមីរបស់លោកស្រី ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកខួរក្បាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

លោកស្រី Wilmes បានគូសបញ្ជាក់ប្រាប់នៅក្នុង សេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ស្ថានភាពដ៏លំបាកនេះ មិនត្រឹមតែមានផលវិបាកសម្រាប់គ្រួសាររបស់ខ្ញុំទេ ហើយក៏សម្រាប់តួនាទីរបស់ខ្ញុំផងដែរ នៅក្នុងជួររដ្ឋាភិបាលបែលហ្ស៊ិក»។ លោកស្រី នឹងសម្រាកពីការងាររដ្ឋាភិបាលរហូតដល់យ៉ាងហោចរដូវក្តៅ ឆ្នាំនេះ នៅពេលដែលលោកស្រី និងក្រុមគ្រួសារ នឹងវាយតម្លៃស្ថានភាពឡើងវិញម្តងទៀត។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីបែលហ្ស៉ិក លោក អេឡិចហ្សាន់ដឺ ដេគ្រូ (Alexander De Croo) នឹងទទួលបន្ទុកភារកិច្ចពាក់ព័ន្ធ កិច្ចការបរទេសកំលុងអវត្តមានរបស់លោកស្រី Wilmes៕