(ប៉េកាំង)៖ ថ្ងៃទី២០ ខែមេសា ទិវាភាសាចិននៃអង្គការសហប្រជាជាតិឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូអន្តរជាតិលើកទី២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើនៅទីក្រុងហ្សឺណែវ។ លោកស្រី Tatiana Valovaya អគ្គនាយិកាស្នងការ ប្រចាំក្រុងហ្សឺណែវនៃអង្គការសហប្រជាជាតិ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងលោកឯកអគ្គរដ្ឋទូត Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅស្នងការហ្សឺណែវ នៃអ.ស.ប. និងអង្គកាភាពអន្តរជាតិផ្សេងៗ នៅប្រទេសស្វីស បានអញ្ជើញចូលរួមពិធីតាមអនឡាញ និងថ្លែងសុន្ទរកថាដោយឡែកពីគ្នា។

លោកស្រី Tatiana Valovaya បានថ្លែងថា ភាសាចិនជាភាសាដែលមានប្រវត្តិសាស្ត្រយូរបំផុតមួយលើសកលលោក វប្បធម៌និងប្រាជ្ញាដែលត្រូវបានបន្តពីក្នុងនោះ ជាចំណែកសំខាន់នៃអរិយធម៌មនុស្សជាតិ។ សកម្មភាពទិវាឃ្លីបវីដេអូអន្តរជាតិ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) លើកនេះ បានជំរុញឱ្យពិភពលោកយល់ដឹងកាន់តែច្រើន ពីវប្បធម៌ប្រពៃណីរបស់ចិន។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ជាប្រព័ន្ធសារព័ត៌មានអន្តរជាតិដ៏សំខាន់ នឹងបន្តទទួលខុសត្រូវនូវបេសកកម្មយុគសម័យក្នុងការផ្សព្វផ្សាយ ដើម្បីផ្តល់ជូនសន្តិសុខនិងសន្តិភាព កាន់តែច្រើនដល់ពិភពលោកនេះ រួមចំណែកក្នុងការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។ សកម្មភាពទិវាឃ្លីបវីដេអូអន្តរជាតិនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) ក្នុងបំណងចង់បង្ហាញការរីកចម្រើន និងច្នៃប្រឌិតថ្មីនៃវប្បធម៌ប្រពៃណីចិនក្នុងយុគសម័យថ្មីរបស់ចិន ក៏ដូចជាបង្ហាញពីភាពត្រចះត្រចង់ និងជះឥទ្ធិពលគ្នារវាងអរិយធម៌ខុសៗគ្នាលើពិភពលោក។

លោកឯកអគ្គរដ្ឋទូតចិន Chen Xu បានថ្លែងថា បើមិនយល់ដឹងវប្បធម៌ចិនដ៏យូរលង់និងអស្ចារ្យនោះ ក៏ពិបាកយល់ដឹងយ៉ាងប្រាកដប្រជា ចំពោះពិភពខាងវិញ្ញាណរបស់ប្រជាជនចិន។ សង្ឃឹមថាទិវាភាសាចិននៃអង្គការសហប្រជាជាតិ នឹងបន្តជំរុញឱ្យមិត្តអន្តរជាតិចំនួនកាន់តែច្រើនៗយល់ដឹងប្រទេសចិន យកចិត្តទុកដាក់លើការអភិវឌ្ឍរបស់ប្រទេសចិន រហូតដល់ដើរតួនាទីវិជ្ជមានក្នុងការជំរុញ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនានា។

គួរបញ្ជាក់ថា ទិវាភាសាចិននៃអង្គការសហប្រជាជាតិឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូអន្តរជាតិលើកទី២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ផ្តើមពីថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២២ ។គិតត្រឹមថ្ងៃទី២ខែមេសា ទទួលបានស្នាដៃជាឃ្លីបវីដេអូចំនួនជាង ៩៥០ឃ្លីប ដែលផ្ញើពីប្រទេសនិងតំបន់ចំនួន៤៥ លើពិភពលោក ទាំងអង់គ្លេស អ៊ីតាលី ជប៉ុនជាដើម បានផ្តល់រង្វាន់ធំចំនួន៩ និង «បេសក្ខជនយុវភាពខាងវប្បធម៌ នៃទិវាភាសាចិនអ.ស.ប. CMG» ចំនួន ៦រូប។ ទិវាលើកនេះបានអញ្ជើញតន្ត្រីករជាតិនិងអន្តរជាតិសហការគ្នា និពន្ធនិងផលិតបទចម្រៀងប្រធានបទរបស់សកម្មភាព «Shaonianyou» បានរៀបចំកម្មវិធីស្វែងយល់ពីបេតិកភ័ណ្ឌវប្បធម៌អរូបីចិន បានបង្ហាញរូបតុក្កតាឌីជីថលនិម្មិត សម្រាប់ទិវាភាសាចិននៃអង្គការសហប្រជាជាតិ ដែលមានឈ្មោះថា Cangbao ដើម្បីរំលឹកការដែលលោក Cang Jie ដែលជាអ្នកបង្កើតអក្សរចិន។

ចំណែកកម្មវិធីពិសេសស្តីពីទិវាភាសាចិននៃអង្គការសហប្រជាជាតិឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូអន្តរជាតិលើកទី២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ជាតិនិងអន្តរជាតិជាច្រើន នៅយប់ថ្ងៃទី២០ ខែមេសា៕