(ហែលស៊ិនគី)៖ ប្រទេសហ្វាំងឡង់ កំពុងខិតទៅកាន់តែកៀក ក្នុងការចូលរួមជាមួយ អង្គការណាតូ (NATO) បន្ទាប់សមាជិកសភាមួយចំនួន បង្ហាញចំណាប់អារម្មណ៍លើសម្ព័ន្ធភាពយោធា ចំពោះមុខការវាយប្រហាររបស់រុស្ស៉ី លើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

សភា របស់ប្រទេសហ្វាំងឡង់ នៅថ្ងៃពុធសប្តាហ៍នេះ បានចាប់ផ្តើមពិភាក្សាគ្នា អំពីលទ្ធភាពដែលហ្វាំងឡង់ អាចចូលជាសមាជិករបស់ NATO ខណៈដែលក្រុមមន្រ្តីមកពីគណបក្សសង្គមប្រជាធិបតេយ្យ របស់លោកស្រី សាន់ណា ម៉ារីន (Sanna Marin) នាយករដ្ឋមន្រ្តីហ្វាំឡង់ ឈប់សង្កត់ធ្ងន់លើបញ្ហា ដែលអាចកើតមានពសមាជិកភាពនេះ ប៉ុន្តែបានបង្ហាញគំនិតគាំទ្រ ចំពោះសម្ព័ន្ធភាពយោធា។

ប្រធានក្រុមនៃគណបក្សសង្គមប្រជាធិបតេយ្យ លោក អាន់ទី លីនមែន (Antti Lindtman) បានប្រាប់សមាជិកសភាថា «វាមានភស្តុតាង ដែលថាសកម្មភាពរបស់រុស្ស៉ី ជម្រុញឲ្យហ្វាំងឡង់បោះជំហានកាន់ជិតទៅរក បក្សសម្ព័ន្ធយោធាជាចាំបាច់»។ ដោយឡែក លោកស្រី Marin បានថ្លែងថា «កន្លងមក ហ្វាំងឡង់ គឺជាដៃគូជិតស្និទ្ធជាមួយអង្គការ NATO ប៉ុន្តែបានរក្សាស្ថានភាពមិនចូលបក្សសម្ព័ន្ធ, ទោះជាយ៉ាងណា ឥឡូវនេះ យើងត្រូវពង្រឹងវិស័យការពារជាតិ និងសន្តិសុខផ្ទាល់ខ្លួន ហើយការសម្រេចដាក់ពាក្យសុំចូលជាសមាជិក NATO អាចនឹងត្រូវធ្វើឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត»

គួរបញ្ជាក់ថា ការពិចារណាសុំចូលជាសមាជិកអង្គការ NATO របស់ហ្វាំងឡង់ ទទួលបានការគាំទ្រភាគច្រើន ក្នុងចំណោមសមាជិកសភាផ្សេងទៀត បើទោះបីជាមេដឹកនាំគណបក្សប្រឆាំង បានព្រមានថា ការស្នើសុំនេះ នឹងបង្កើនភាពតានតឹង នៅឯព្រំដែនជាមួយរុស្ស៉ី ហើយអាចនឹងធ្វើឲ្យហ្វាំងឡង់ ក្លាយជាគោលដៅ នៃការវាយប្រហារដំបូងគេ ក្នុងសង្គ្រាមរវាង ណាតូ និងរុស្ស៊ី ក៏ដោយ៕