(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និយាយថា អង់គ្លេសនឹងផ្តល់ជំនួយដល់ឥណ្ឌា ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧបករណ៍ការពារជាតិរបស់រុស្ស៊ី នៅពេលដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសឥណ្ឌាក្នុងនាមជានាយករដ្ឋមន្ត្រីលោក Johnson នឹងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន សម្ព័ន្ធមិត្តលោកខាងលិចបានអំពាវនាវឱ្យឥណ្ឌា ចេញមកប្រឆាំងនឹងសង្រ្គាម។ ឥណ្ឌា ដែលជាប្រទេសទិញអាវុធរុស្ស៊ី និងនាំចូលប្រេងច្រើនជាងគេបំផុតលើពិភពលោក បានបដិសេធការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសការឈ្លានពាននេះ ហើយក៏មិនបានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូដែរ។

នៅដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់លោក Modi ថា ការទិញប្រេងបន្ថែមពីរុស្ស៊ី មិនមែនជាផលប្រយោជន៍របស់ឥណ្ឌាទេ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់លោកបាននិយាយថា លោក Johnson នឹងមិនរំលឹកលោក Modi អំពីបញ្ហានេះទៀតទេ៕