(វ៉ាស៊ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា បានសន្យាថានឹងបញ្ជូនកាំភ្លើងធំបន្ថែមទៅឱ្យអ៊ុយក្រែន ដែលកំពុង ប្រឈមមុខនឹងការវាយលុកសាជាថី្មពីសំណាក់កងទ័ពរុស្ស៉ី នៅឯតំបន់ភាគខាងកើតនៃប្រទេស។ ការសន្យាខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ កាលពីថ្ងៃអង្គារ ទី១៩ ខែមេសានេះ ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ ព្រមទាំងមេដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្តជាច្រើនរូបទៀត។

បើតាមប្រភពជាច្រើនពីក្រុមមន្ត្រីអាមេរិក, លោក ចូ បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងប្រកាស នៅប៉ុន្មានថ្ងៃខាងមុខនេះពីការផ្ដល់ជំនួយយោធា បន្ថែម មានទំហំទឹកប្រាក់ប្រហែលនឹងជំនួយយោធា ៨០០លានដុល្លារ ដែលរដ្ឋបាលរបស់លោកប្រកាសផ្ដល់ឱ្យអ៊ុយក្រែនកាលពីសប្ដាហ៍មុន។ ប្រសិនបើជំនួយយោធាថ្មីនេះត្រូវបានប្រកាសមែន នោះវានឹងធ្វើឱ្យកញ្ចប់ជំនួយយោធាដែលអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ជាង ៣ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក, សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO បានបញ្ជូនអាវុធដូចទឹកបាក់ទំនប់ទៅឱ្យអ៊ុយក្រែន ក្នុងនោះរួមមានមីស៊ីលប្រឆាំងរថក្រោះ Javelin, មីស៊ីលប្រឆាំងយន្ដហោះចម្បាំង Stinger និងដ្រូនពិឃាដ (Switchblade) ព្រមទាំងគ្រោងនឹង កាំភ្លើងធំ Howitzer។ បើគ្មានអាវុធទាំងនេះទេ ម្ល៉េះលោក ពូទីនអាចនឹងសម្រេចគោលដៅតាមផែនការ ហើយអ៊ុយក្រែនក៏ប្រហែលជាមិនអាច តស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ីមកទល់នឹងថ្ងៃនេះដែរ។

ប៉ុន្តែ អ្វីដែលសំខាន់គឺនៅត្រង់ថាកងទ័ពអ៊ុយក្រែន មិនទាន់អាចចេះប្រើអាវុធទំនើបៗមួយចំនួនរបស់លោកខាងលិចបានស្ទាត់នោះទេ តួយ៉ាង ដូចជាកំាភ្លើងធំ Howitzer ដែលកងទ័ពអាមេរិកត្រូវបានគេរាយការណ៍ថានឹងត្រូវបង្រៀនកងទ័ពអ៊ុយក្រែនឱ្យចេះប្រើកាំភ្លើងធំប្រភេទនេះ ហើយ សព្វថ្ងៃអ្វីដែលអ៊ុយក្រែនត្រូវការ នោះគឺអាវុធធុនធ្ងន់។ ដូច្នេះខណៈរុស្ស៉ីចាប់ផ្ដើមដំណាក់ទី២ នៃសង្រ្គាមដោយបើកការវាយលុកលើ តំបន់ដុនបាស់នៅភាគខាងកើតអ៊ុយក្រែន, ថាតើអាវុធទាំងនេះគឺគ្រប់គ្រាន់ជួយឱ្យអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៉ីដូចក្នុងសង្រ្គាមដំណាក់កាលទី១ ដែរឬក៏យ៉ាងណា។

* តើអ្វីដែលអ៊ុយក្រែនចង់បាន ហើយអ្វីដែលកំពុងបញ្ជូនមកឱ្យ?

នៅចំពោះមុខសង្រ្គាមដំណាក់កាលទី២ ជាមួយរុស្ស៉ី នៅឯតំបន់ដុនបាស់, អ្វីដែលអ៊ុយក្រែនត្រូវការបំផុតនៅពេលនេះ នោះគឺប្រព័ន្ធអាវុធធុនធ្ងន់ ក្នុងនោះរួមមានយន្ដហោះចម្បាំង ដែលអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុបនៅតែស្ទាក់ស្ទើរក្នុងការបញ្ជូនឱ្យកងទ័ពអ៊ុយក្រែន ពីព្រោះពួកគេខ្លាច សង្រ្គាមរាលដាលកាន់តែធំ ផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកថ្មីណាមួយ។

មកទល់នឹងបច្ចុប្បន្ន, អាវុធដែលត្រូវបានបញ្ជូនដល់ដៃកងទ័ពអ៊ុយក្រែន គឺជាប្រភេទអាវុធការពារខ្លួនតែប៉ុណ្ណោះ ដូចជាមីស៊ីលប្រឆាំងរថក្រោះ Javelin និងមីស៊ីលប្រឆាំងយន្ដហោះចម្បាំង Stinger ដែលអាវុធទាំងនេះត្រូវបានគេរាយការណ៍ថាបានបង្ហាញឫទ្ធានុភាព ដោយអាចជួយឱ្យ អ៊ុយក្រែនការពាររដ្ឋធានីកៀវ និងបង្កការខាតបង់ធ្ងន់ធ្ងរដល់កងទ័ពរុស្ស៉ី។ ប្រសិទ្ធភាពនៃអាវុធទាំងនេះក៏បានស្ដែងឡើងឱ្យឃើញកាន់តែច្បាស់ ផងដែរ តាមរយៈប្រតិកម្មរបស់រុស្ស៉ីដែលបានព្រមានឱ្យសហរដ្ឋអាមេរិក និង NATO បញ្ឈប់ការបញ្ជូនអាវុធឱ្យអ៊ុយក្រែន។

តែទោះជាយ៉ាងណាក៏ដោយ, បើសង្រ្គាមនៅតែអូសបន្លាយ ថាតើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាចនឹងមានអាវុធគ្រប់គ្រាន់បញ្ជូនឱ្យអ៊ុយក្រែន ទៀតបានដែរឬទេ ហើយគេត្រូវការចំណាយពេលប៉ុន្មាន? ជាក់ស្ដែង មីស៊ីល Javelin ដែលសហរដ្ឋអាមេរិកយកចេញពីឃ្លាំងមកជួយអ៊ុយក្រែន បានដល់ចំនួនកំណត់ ហើយប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់ ក៏បានប្រកាសដែរថាអាវុធដែលខ្លួនដកចេញពីឃ្លាំងបញ្ជូនឱ្យទីក្រុងកៀវបានដល់ ចំនួនកំណត់ហើយ ព្រោះទុកសម្រាប់ការពារខ្លួនឯង បើទោះជាពួកគេសន្យាបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែនក៏ដោយ។

កាលពីសប្ដាហ៍មុន, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញបញ្ជាឱ្យក្រុមហ៊ុនផលិតសព្វាវុធអាមេរិកធំៗ បង្កើនការផលិតអាវុធដើម្បី បំពេញតាមតម្រូវការរបស់អ៊ុយក្រែន។ ដូច្នេះនៅមុនពេលអាវុធទាំងនោះត្រូវបញ្ជូនទៅដល់ តើអ៊ុយក្រែនត្រូវប្រឈមមុខនឹងកងទ័ពរុស្ស៉ី នៅភាគខាងកើតអ៊ុយក្រែនដោយរបៀបណា? ខណៈក្រុមអ្នកជំនាញជាច្រើនព្រមានថា កងទ័ពរុស្ស៉ីក៏បានរៀនពីបរាជ័យរបស់ខ្លួនក្នុងសង្រ្គាម ដំណាក់កាលទី១ ផងដែរ។

គួរបញ្ជាក់ថា កងទ័ពរុស្ស៉ីកាលពីថ្ងៃអង្គារនេះត្រូវបានគេរាយការណ៍ថាបានវាយដណ្ដើមបានទីក្រុងក្រេមីនណា (Kreminna) នៃតំបន់ ភាគខាងកើតប្រទេសអ៊ុយក្រែន។ Kreminna ដែលមានប្រជាជនរស់នៅច្រើនជាង ១៨,០០០នាក់ នៅមុនសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើង គឺជាទីក្រុងដំបូងគេដែលត្រូវកងទ័ពរុស្ស៉ីវាយយកបាន ចាប់តាំងពីម៉ូស្គូចាប់ផ្ដើមដំណាក់កាលពី២ នៃសង្រ្គាមដោយផ្ដោតលើតំបន់ដុនបាស់ នៃភាគខាងកើតអ៊ុយក្រែន៕

ប្រភព៖ Al Jazeera, Vox (ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២)