(គូឡាឡាំពួ)៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់មកពីប្រទេសមីយ៉ាន់ម៉ា បានរត់គេចពីមណ្ឌលឃុំឃាំងក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធនេះ បន្ទាប់ពីកុប្បកម្មមួយបានផ្ទុះឡើង ដោយមានមនុស្សប្រាំមួយនាក់ បានស្លាប់នៅលើផ្លូវហាយវេ ខណៈដែលពួកគេបានភៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់ បានទៅដល់ប្រទេសម៉ាឡេស៊ីតាមទូក បន្ទាប់ពីបានស៊ូទ្រាំនឹងការធ្វើដំណើរតាមផ្លូវសមុទ្រអស់រយៈពេលជាច្រើនខែ។ អ្នក ដែល ត្រូវ ចាប់ បាន ច្រើន តែ ត្រូវ បញ្ជូន ទៅ កាន់ មណ្ឌល ឃុំឃាំង ដែល ក្រុម សិទ្ធិ មនុស្ស និយាយ ថា ទីដែល ចង្អៀត ណែន និង កខ្វក់។

លោក Khairul Dzaimee Daud ប្រធានផ្នែកអន្តោប្រវេសន៍របស់ប្រទេសម៉ាឡេស៊ីបាននិយាយថា មនុស្សសរុបចំនួន ៥២៨នាក់ នៃក្រុមជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម បានភៀសខ្លួនចេញពីមជ្ឈមណ្ឌលមួយនៅភាគខាងជើងរដ្ឋ Kedah នៅម៉ោង ៤៖៣០ព្រឹក (ម៉ោងក្នុងតំបន់)។

យោងតាមប៉ូលីស មនុស្សភាគច្រើនត្រូវបានចាប់ខ្លួនមកវិញយ៉ាងឆាប់រហ័ស ប៉ុន្តែមាន១៧៦នាក់មិនទាន់រកឃើញនៅឡើយ ដែលជាចំនួនដ៏ច្រើន គិតត្រឹមរសៀលថ្ងៃពុធនេះ។

បន្ទាប់ពីកុបកម្មបានផ្ទុះឡើង ជនភៀសខ្លួនបានទម្លុះទ្វារ និងរនាំងនៅមជ្ឈមណ្ឌល ដោយឆ្មាំចំនួន ២៣នាក់ដែលនៅយាមការពារ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ។

ប៉ូលីសបាននិយាយថា អ្នកជាប់ឃុំចំនួន ៦នាក់ ក្នុងនោះមានបុរស ២នាក់ ស្ត្រី ២នាក់ ក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់បានស្លាប់ ខណៈដែលពួកគេព្យាយាមឆ្លងកាត់ផ្លូវហាយវេមួយ បន្ទាប់ពីរត់គេចខ្លួន។

ប៉ូលិស បាន និយាយ ថា មូលហេតុ នៃ កុបកម្ម និង ការ ផ្ទុះ អាវុធ នេះ កំពុង ស្ថិត ក្រោម ការ ស៊ើបអង្កេត។

គួរបញ្ជាក់ថា ម៉ាឡេស៊ីដែលភាគច្រើនជាមូស្លីម គឺជាគោលដៅដ៏សំខាន់សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាដែលភៀសខ្លួន ពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសកំណើត ឬជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស៕